ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន ប្រកាសដាក់ចេញយុទ្ធនាការ «មោងឫស្សីគ្មានវិវាទ» ដើម្បីធានាថាគ្មានវិវាទណាមួយត្រូវបានទុកចោលមិនដោះស្រាយ
(បាត់ដំបង)៖ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានប្រកាសដាក់ចេញនូវយុទ្ធនាការ «មោងឫស្សីគ្មានវិវាទ» ដើម្បីធានាថាគ្មានវិវាទណាមួយនៅមូលដ្ឋានស្រុកមោងឫស្សី ត្រូវបានទុកចោលមិនដោះស្រាយនោះទេ។
ការប្រកាសដាក់ចេញនិងអនុវត្តយុទ្ធនាការរបស់ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបងធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្ដមបណ្ឌិតបានប្រកាសដាក់ចេញនូវយុទ្ធនាការ «មោងឫស្សីគ្មានវិវាទ» ដោយគ្មានវិវាទណាមួយត្រូវបានទុកចោលមិនដោះស្រាយនោះទេ។
តាមរយៈការប្រកាសដាក់ចេញយុទ្ធនាការនេះដែរ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានណែនាំក្រុមការងារត្រូវផ្តោតលើការអនុវត្តសកម្មភាពចម្បងចំនួន៣៖ ១-គាំទ្រនិងលើកកម្ពស់យន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនៅក្នុងមូលដ្ឋាន។ ២-ផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងមេធាវី។ ៣-អប់រំនិងផ្សព្វផ្សាយច្បាប់ ក្រោមកិច្ចសហការរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលស្រុកមោងឫស្សី។
ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានសង្កត់ធ្ងន់ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សីថា យុទ្ធនាការ «មោងឫស្សីគ្មានវិវាទ» ត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះតទៅ៕