នាយករដ្ឋមន្ត្រីជើង២របស់កម្ពុជាផ្តល់គោលការណ៍ដល់អភិបាលខេត្តសៀមរាប​ និងឧត្តមសេនីយ៍ទោ​ ខេង​ សុហ្វីណេ​ ឲ្យសាងសង់អនុវិទ្យាល័យ​ និងជួសជុលកែលម្អផ្លូវធ្វេីឱ្យប្រសេីរឡេីងប្រវែងជាង​ ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី​

(សៀមរាប)៖ តបតាមបទបញ្ជារបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ នាឱកាសចុះពិនិត្យសហគមន៍ទេសចរណ៍អន្លង់ធំ​ ស្រុកស្វាយលេី​ ខេត្តសៀមរាប​ និងសំណេះសំណាលជាមួយបងប្អូនសមាជិកសហគមន៍​ កាលពីថ្ងៃ២៥​ ខែកុម្ភ:​ ឆ្នាំ២០២៥កន្លងទៅ​ ដោយបានផ្តល់គោលការណ៍ឱ្យសាងសង់អនុវិទ្យាល័យ​ និងជួសជុលកែលម្អផ្លូវធ្វេីឱ្យប្រសេីរឡេីងប្រវែងជាង​ ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី​ ដោយបានប្រគល់ភារកិច្ចជូនលោក ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប​ និងលោកឧត្តមសេនីយ៍ទោ​ ខេង​ សុហ្វីណេ​ មេបញ្ជាការរង​ កងវិស្វកម្មតេជោ​ ហ៊ុន​ សែន​ សៀមរាប​ ទទួលបន្ទុកសាងសង់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ។

បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម​ នៅព្រឹកថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០២៥​ លោកអភិបាលខេត្ត​ និងឧត្តមសេនីយ៍ទោ​បានចុះទៅជួបបងប្អូន​ អ៊ំពូមីង​ តាយាយ​ លោកគ្រូអ្នកគ្រូ​ និងសហគមន៍​ ក្នុងគោលបំណងសាកសួរបន្ថែមអំពីចំណាប់អារម្មណ៍​ និងការឯកភាពក្នុងការរៀបចំ​៖

ទី១-ការធ្វេីឱ្យប្រសេីរឡេីងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី​ ដែលជាផ្លូវចរាចរណ៍ទេសចរដ៏សំខាន់របស់សហគមន៍អន្លង់ធំ​ មានប្រវែងប្រមាណជាង​ ៦គីឡូម៉ែត្រ​ ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរ​ និងសុវត្ថិភាពដល់ភ្ញៀវទេសចរក៏ប៉ុន្តែការជួសជុលនេះ​ គឺឈរលេីការថែរក្សាសណ្ឋានផ្លូវដេីម​ ដោយមិនធ្វេីឱ្យមានការប៉ះពាល់ណាមួយនោះទេ​ ពិសេសក៏មានការឯកភាពពីតំណាងសហគមន៍ផងដែរ។​ ការជួសជុលកែលម្អឱ្យប្រសេីរឡេីង​ បានចាប់ផ្តេីមដំណេីរការចាប់ពីថ្ងៃទី២៨​ កុម្ភ:​ ដោយមានការចូលរួមសហការជាប់ជាប្រចាំពីតំណាងសហគមន៍​ សំដៅធានាបានការឯកភាពគ្នា​ និងថែរក្សាសណ្ឋានផ្លូវដេីម​ និងមិនបាត់បង់គុណតម្លៃវប្បធម៌របស់យេីង។

ទី២-ក្រោយពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ​ លោកគ្រូអ្នកគ្រូ​ មានការឯកភាពរួមគ្នាក្នុងការសម្រេចឱ្យសាងសង់អនុវិទ្យាល័យថ្មី​ នៅទីតាំងថ្មី​ អគារថ្មីមួយខ្នង​ពីរជាន់​ ១២បន្ទប់​ ជាជំហ៊ានទីមួយ​ ហេីយនឹងរៀបចំក្របខណ្ឌស្នេីសុំជាវិទ្យាល័យទៅថ្ងៃក្រោយ។ បច្ចុប្បន្នគ្រឿងចក្របានដាក់ដល់ទីតាំង​សម្រាប់ត្រៀមសម្អាត​ និងឈូសឆាយដីថ្មីតែនៅមិនទាន់អាចដំណេីរការបាននោះទេ​ គឺត្រូវរង់ចាំជំនាញចុះមកពិនិត្យ​ និងបោសសម្អាតមីន​ និងគ្រាប់មិនទាន់ផ្ទុះសិន​ ដេីម្បីអាចនឹងចាប់ផ្តេីមការសាងសង់បាននៅពេលដ៏ខ្លីខាងមុខ។

ព្រមជាមួយគ្នា​សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី​ក៏បានឯកភាពផ្តល់ជូននៅអគារទីចាត់ការ​ ០១ខ្នង​ អគារបណ្ណាល័យ​ ០១ខ្នង​ និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ​ ០១ខ្នង​ ដែលមាន​ ០៣បន្ទប់គេង​ ជូនដល់សាលាបឋមសិក្សាសម្តេចឪ​សម្តេចម៉ែអន្លង់ធំ​ ហេីយបានចាប់ផ្តេីមដំណេីរការសាងសង់ចាប់ពីថ្ងៃទី០១​ មីនា៕

អត្ថបទដែលជាប់ទាក់ទង