ទទួលបានព័ត៌មានច្បាស់ការណ៍ភ្លាម, លោកស្នងការខេត្តកណ្ដាលបញ្ជាឲ្យចាប់វ៉ៃខ្នោះភ្លែត
កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការណ៍ថាមានករណីបើកលេងល្បែងឆ្នោតឡូតូ យ៉ាងអាណាធិបតេយ្យនៅចំណុចតារាងបាល់ទះ ទល់មុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ភ្លាមៗនោះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចាត់ឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចុះបង្រ្កាបទីតាំងខាងលើភ្លែតនៅវេលាម៉ោង១៤:០០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នៅចំណុចតារាងបាល់ទះមាត់ស្ទឹងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ប្រភពបន្តថា ជនសង្ស័យទាំង០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ ទី១-ឈ្មោះ អាន លីហ្សា ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនលាភមហាសម្បត្តិ និងទី២-ឈ្មោះ ម៉ី រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ។
ប្រតិបត្តិការបង្ក្រាបនោះ មន្ត្រីជំនាញបានចាប់យកវត្ថុតាងរួមមាន៖ សៀវភៅកត់ចំណូលចំណាយ ០១ក្បាល, កុំព្យូទ័រលែបថប (Laptop) ០១គ្រឿង, ដុំវ៉ាយហ្វាយ (WiFi) ០១, កាបូបស្ពាយ០១, ប្រាក់រៀល ចំនួន ៩១ម៉ឺនរៀល, លិខិតអនុញ្ញាតចេញដោយរដ្ឋបាលខេត្តកណ្តាល ឯកសារចុះថ្ងៃទី០៥/១២/២០២២, លិខិតអនុញ្ញាតចេញដោយទីស្តីការគណ:រដ្ឋមន្រ្តី ឯកសារចុះថ្ងៃទី១១/១២/២០២០, លិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ ឯកសារចុះថ្ងៃទី២៧/០១/២០២១, អាជ្ញាបណ្ណល្បែងផ្សងសំណាង ឯកសារចុះថ្ងៃទី៣១/០៨/២០២២, បណ្ណពន្ធប៉ាតង់ឆ្នាំ២០២២ ឯកសារចុះថ្ងៃទី១១/១០/២០២២, វិញ្ញាបនបត្រចេញដោយក្រសួងពាណិជ្ជកម្ម ឯកសារចុះថ្ងៃទី២៥/១២/២០២០។
ប្រភពបានបន្តទៀតថា ចំពោះករណីនេះ ក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ និងមានសុពលភាព ប៉ុន្តែក្រុមហ៊ុនខាងលើបានមកដាក់ទីតាំងល្បែងឆ្នោតឡូតូ នៅមុខបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយកម្លាំងទើបតែដឹងធ្វើការបង្រ្កាបតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕