CPPគឺជាគណបក្សដែលនៅតែបន្តទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ

សៀមរាប៖ «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅតែបន្តទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយបានបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវវឌ្ឍនភាពសង្គម និងភាពសុខដុមរមនាក្រោមម្លប់នៃសន្តិភាព»។ ហើយភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបានកើតឡើងដោយចៃដន្យនោះទេ។ គណបក្សប្រជាជនកម្ពុជាអាចដឹកនាំប្រទេសបានជាង ៤០ឆ្នាំដោយសារគណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួន៣ គឺជីវិត ជីវភាពរស់ និងកិត្តិយស។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជាដែលត្រូវបានចាប់ផ្តើមអនុវត្តឡើងវិញនៅក្នុងឆ្នាំ ១៩៩៣ ជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ហើយដំណើរការប្រជាធិបតេយ្យនេះបានបន្តជារៀងរាល់ ៥ឆ្នាំម្តងយ៉ាងទៀងទាត់ ដោយបានចាក់គ្រឹះយ៉ាងរឹងមាំបន្តិចម្តងៗ រហូតក្លាយជាគំរូដល់បណ្តាប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដោយសារតួលេខនៃអ្នកចូលរួមបោះឆ្នោតគ្រប់អាណត្តិកន្លងមក មានអត្រាខ្ពស់គួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើដល់សកម្មជនយុវជនបក្សដែលពាក់អាវរូបទេវតា និងមានបេះដូងលោតក្នុងចង្វាក់តែមួយ បន្តចូលរួមបម្រើបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ដើម្បីធ្វើយ៉ាងណារួមគ្នារុញច្រាននាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពរុងរឿងស្របតាមចក្ខុវិស័យ និងគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង