ឧត្តមសេនីយ៍ឯក ជុក គឹមហួរ និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទ «សវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ» នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានថ្លែងថា ការចុះធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យលើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-ការគ្រប់គ្រងកម្លាំង ២-ការគ្រប់គ្រងហិរញ្ញវត្ថុ ៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ពិនិត្យការងាររដ្ឋបាលទូទៅ។
លោកឧត្តមសេនីយ៍ក៏បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោស្នងការ សិទ្ធិ ឡោះ លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ដែលបានចូលរួមជួយសហការគ្នាបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមក អោយដំណើរការទៅបានយ៉ាងរលូន រហូតដល់បានបញ្ចប់តាមការរំពឹងទុកជាលទ្ធផលទទួលបានជោគជ័យយ៉ាងល្អប្រសើរស្របទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។
លោកក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តទៅតាមតួនាទី ភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អលើបណ្ដាឆ្នាំមុនៗ។
គួរជម្រាបថា ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៦៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២៕