បណ្ឌិត ហ៊ុន ម៉ាណែត ណែនាំដល់សកម្មជនយុវជនបក្សCPPទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣គួរ និង ៣កុំ”

ព្រះវិហារ៖ «ចំពោះមុខនេះ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាកាន់តែខិតជិតមកដល់ សូមសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣ គួរ និង ៣ កុំ”។ ៣គួររួមមាន៖ គួរទី១. យុវជនគួររក្សាជានិច្ចនូវស្មារតីយកប្រជាជនជាធំឱ្យស័ក្តិសមនឹងឈ្មោះ “គណបក្សប្រជាជនកម្ពុជា”, គួរទី២.គួរស្វែងយល់ឱ្យបានច្បាស់អំពីបុព្វហេតុ គុណតម្លៃ ក៏ដូចជាកម្មវិធីនយោបាយ និងទិសដៅនានារបស់គណបក្សដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងគួរទី៣.គួរមានស្មារតីបុរេសកម្មក្នុងការការពារ និងឆ្លើយតបចំពោះរាល់ការចោទប្រកាន់នានាគ្មានមូលដ្ឋានរបស់ក្រុមអគតិឬជ្រុលនិយមមួយចំនួន។ រីឯ ៣កុំ រួមមាន៖ កុំទី១.កុំបង្កនូវការថ្នាំងថ្នាក់ដល់ប្រជាជន, កុំទី២.កុំធ្វើអ្វីដែលជាការបំពានដល់គោលការណ៍ច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប. និងកុំទី៣.កុំបណ្តោយឱ្យមានសកម្មភាពណាមួយដែលប៉ុនប៉ងបំពានច្បាប់បោះឆ្នោត, បំផ្លាញការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត»។ នេះជាការថ្លែងបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិតប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានបន្តថ្លែងថា មូលហេតុធំ និងសាមញ្ញនៃការអនុវត្តគោលការណ៍ “៣គួរ និង៣កុំ” នេះ គឺដើម្បីឱ្យប្រជាជនកម្ពុជាបន្តមានជំនឿចិត្ត មានក្តីសង្ឃឹម និងលំនឹងស្ថិរភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយច្បាស់ថា យើងទាំងអស់អាចបន្តរស់នៅប្រកបដោយសេចក្តីសុខក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ និងដោយគ្មានការព្រួយបារម្ភ ឬហានិភ័យណាមួយនោះឡើយ។

ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះទៀតថា គណបក្សប្រជាជនកម្ពុជា គឺមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែជាគណបក្សដែលបានខិតខំជាប់ជាប្រចាំ ហើយរឹតតែសកម្មក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសនៅគ្រប់ពេលវេលា និងទីកន្លែងដែលប្រជាពលរដ្ឋជួបការលំបាក ឬគ្រោះអាសន្ន។ ពិតណាស់ ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា អាចបន្តប្រៀបឈ្នះក៏ដោយសារគណបក្សបើកចិត្តទូលំទូលាយ និងហ៊ានទទួលស្គាល់ចំណុចខ្វះខាត ដើម្បីដាក់ចេញនូវទិសដៅកំណែទម្រង់នានា ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ប្រធានគណបក្ស ធ្លាប់បានលើកឡើងថា៖ “កែទម្រង់រស់, មិនកែទម្រង់ស្លាប់” ព្រមជាមួយនឹងការដាក់ចេញនូវអភិក្រមទាំង ៥ គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់”៕

អត្ថបទដែលជាប់ទាក់ទង