វត្តមានរោងចក្រនៅកម្ពុជាទាំងភ្នំពេញ និងតាមខេត្តនានា ឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១.៣២៦ ខណៈមានកម្មករនិយោជិតប្រមាណ៨៤ម៉ឺននាក់

ភ្នំពេញ៖ «វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា នៅឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១.៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់ ការនាំចេញមានរហូតដល់ប្រមាណ១៣ពាន់លានដុល្លារអាម៉េរិក។សម្តេចបន្តថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាលក៏បានយុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តនានាផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោបានជំរុញអភិបាលរាជធានីភ្នំពេញ បន្តពង្រីកវិសាលភាពក្នុងការផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ កម្មការិនី បន្ថែមទៀតនៅទីតាំងដែលមិនទាន់បានទៅដល់»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨០៣១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកូនក្មួយ កម្មករ កម្មការិនីនៅតំបន់ព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាថ្មីម្ដងទៀត ។ សម្តេចតេជោបានអរគុណដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនី ដែលមានការស្រឡាញ់ រាក់ទាក់ចំពោះសម្ដេចផ្ទាល់នាពេលនេះ។ សម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងនេះមិនមែនគ្រាន់តែជាទំនាក់ទំនងរវាងនាយករដ្ឋមន្រ្ដី និងកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្ដែនេះបានបង្ហាញអំពីទំនាក់ទំនងដូចជា តា និងចៅ ពូ និងក្មួយ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចមានគម្រោងបន្តចុះជួបជាមួយកម្មករនិយោជិតបន្ថែមទៀត ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីជំនួបជាមួយកម្មករកម្មការិនីចំនួន១៨លើក ហើយនៅមានកម្មករនិយោជិតមួយចំនួនទៀត មិនទាន់បានជួបនៅឡើយ។

ជាមួយគ្នានោះ សម្តេចតេជោបានថ្លែងថា ជំនួបជាមួយកម្មករ កម្មការិនីនាពេលនេះ គឺសម្ដេចចង់ដឹងថា អ្វីដែលធ្វើពីមុននោះ តើដំណើរការដល់ហើយ? តើវាសម្រេចបានយ៉ាងដូចម្តេច? ខណៈកាលពីជំនួបកាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យរោងចក្រកាត់ដេរនេះ មកជួបដើម្បីឱ្យលើកឡើងពីបញ្ហា និងតម្រូវការជាក់ស្ដែងរបស់បងប្អូនកម្មករ ដើម្បីធ្វើការដោះស្រាយជូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ក្នុងពិធីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប៉ុន្មានថ្ងៃខាងមុខនេះ សម្ដេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបូមទឹកបាក់ខែង ដើម្បីបម្រើឱ្យមានការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខណៈរាជរដ្ឋាភិបាលក៏មានគម្រោងកសាងស្ថានីយបូមទឹកស្អាតនេះបន្ថែមជាច្រើនកន្លែងទៀតនៅកន្លែងផ្សេងៗ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅជាយៗក្រុង។

ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើឱ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ ដោយធ្វើយ៉ាងណារោងចក្រនីមួយៗកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំនៅក្នុងរោងចក្រ។ ប៉ុន្តែសម្ដេចពិតជាមានសេចក្ដីរីករាយណាស់ដោយបានឃើញរោងចក្រនៅទូទាំងប្រទេសមិនមែនជាកន្លែងប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំ។

ទាក់ទងនឹងបញ្ហានយោបាយនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមប្រឆាំងនៅក្រៅប្រទេសដែលកំពុងរៀបចំយុទ្ធនាការឃោសនា មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការផ្គើនទៅនឹងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។ សម្តេចតេជោបញ្ជាក់ថា ពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ត្រូវធ្វើការកែទម្រង់នៃសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលការងារនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធិ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌កំពុងធ្វើហើយ។ សម្តេចតេជោបញ្ជាក់ថា បើពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត បើពួកអ្នកឯងចិត្តសឿងកុំទៅបោះឆ្នោត ព្រោះសិទ្ធិបោះឆ្នោតរបស់ពួកអ្នកឯងក៏ត្រូវចប់ដែរ៕

អត្ថបទដែលជាប់ទាក់ទង