សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យលោកគ្រូ សាន សុជា ដែលទើបតែលាចាកសិក្ខាបទ បន្តផ្សព្វផ្សាយព្រះធម៌ ដើម្បីអប់រំផ្លូវចិត្តដល់ពលរដ្ឋ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានប្រាប់ឱ្យលោកគ្រូ សាន សុជា ដែលទើបតែលាចាកសិក្ខាបទ បន្តផ្សព្វផ្សាយព្រះធម៌ ដើម្បីអប់រំផ្លូវចិត្តដល់ពលរដ្ឋ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា៖ «ព្រះសង្ឃដែលលាចាកសិក្ខាបទដែលចេះធម៌ការត្រឹមត្រូវ គឺបន្តជួយផ្តល់ការអប់រំសង្គម អប់រំផ្លូវចិត្តដើម្បីធ្វើយ៉ាងម៉េចដើម្បីប្រើប្រាស់ធម៌ការសម្រាប់រក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ និងការកសាងអំពើល្អក្នុងចំណោមប្រជាជនរបស់យើង»។
លោកគ្រូ សាន សុជា បានលាចាកសិក្ខាបទនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្រោយសាងផ្នួសអស់រយៈពេលជាង ៣០ឆ្នាំ។ លោកគ្រូ សាន សុជា បាននិយាយថា លោកគ្រូបានសុំម្តាយលាចាកសិក្ខាបទចំនួន៣លើកមកហើយ ទើបតែម្តាយអនុញ្ញាតឱ្យសឹកនៅខែឧសភាកន្លងទៅនេះ។
ការសឹករបស់ព្រះអង្គ សាន សុជា បានធ្វើឱ្យពុទ្ធបរិស័ទជាច្រើនបានបង្ហាញការសោកស្តាយ ខណៈអតីតព្រះអង្គគឺជាព្រះអង្គមួយអង្គក្នុងចំណោមព្រះសង្ឃជាច្រើនទៀតដែលត្រូវបានមហាជន និងពុទ្ធបរិស័ទតែងតែគោរព និងប្រតិបត្តិនូវការទូន្មានព្រះធម៌របស់ព្រះអង្គ៕