ចាប់ដុតចោលសាច់សត្វមាន់ និងប្រហិតចម្រុះជាង៨០០០គីឡូក្រាម នាំចូលមកពីប្រទេសថៃអត់ច្បាប់

បន្ទាយមានជ័យ៖ សាច់សត្វមាន់ និងប្រហិតចម្រុះ ចំនួន៨៥២០គីឡូក្រាម នាំចូលមកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាននិងយកទៅដុតកម្ទេចចោល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលម៉ោង៦និង១៥ នាទីព្រឹកនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងមួយកន្លែងនៅចំណុចខាងជើងផ្សារត្រី ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានបន្តថា ក្នុងប្រតិបត្តិការខាងលើ គេបានរកឃើញផលិតផលមានដើមកំណើតពីសត្វ ( សាច់សត្វមាន់ និងប្រហិតចម្រុះ) ចំនួន៨៥២០គីឡូក្រាម នាំចូលមកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

តាមប្រភពបានបញ្ជាក់ថា ចំពោះផលិតផលមានកំណើតពីសត្វខាងលើនេះ ក្រុមការងារបានពិនិត្យឃើញថា សាច់សត្វនិងប្រហិតទាំងនោះមិនបានរកក្សាទុកឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (សីតុណ្ហភាព និងអនាម័យ)។

ប្រភពព័ត៌មានបានអះអាងថា ក្រុមការងារបានស្នើសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ធ្វើការដុតកម្ទេចចោល វត្ថុតាងបទល្មើសខាងលើនេះតាមវិធានបសុពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង