រដ្ឋបាលឃុំប្រស្និបចេញសេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច

កំពង់ឆ្នាំង៖ ក្រុមប្រឹក្សាឃុំប្រស្និប សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងឃុំប្រស្និប ឱ្យបានជ្រាបថា រាជរដ្ឋាភិបាល មានគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់គ្រួសារក្រីក្រដែលគ្មានដី ឬខ្វះដីសម្រាប់គោលបំណងសាងសង់លំនៅឋាន ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ ឬក៍សម្រាប់គោលបំណងទាំងពីរនេះ។

ដីសម្បទានសង្គមកិច្ចដែលត្រូវផ្តល់ជូននេះគឺស្ថិតនៅក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ការទទួលពាក្យមានរយ:ពេល ២០ ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣។

ប្រជាពលរដ្ឋដែលអាចទទួលបានដីសម្បទានសង្គមកិច្ច ត្រូវមានលក្ខណ:សម្បត្តិដូចខាងក្រោម៖១.មានសញ្ជាតិខ្មែរ និងមានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការធ្វើជាម្ចាស់ដី។២.អ្នកស្នើសុំដីត្រូវតែជាមេគ្រួសារដែលមានសមាជិកចាប់ពី ០២នាក់ ឡើងទៅ ហើយមានជាប់សាច់សារលោជាមួយគ្នា ឬ មានបំណងអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាក្នុងលំនៅឋានតែមួយ។៣.អ្នកស្នើសុំត្រូវតែមានចំណូលតិចជាង ឬស្មើបន្ទាត់ភាពក្រីក្រ គឺ៨,៩០៨ រៀល ក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់ ឬប្រភេទគ្រួសារស្ថិតក្នុងចំណាត់ថ្នាក់ប្រភេទ ក្រ១ និងក្រ២។៤.អ្នកស្នើសុំដីមិនមែនជាម្ចាស់ដីផ្សេងៗទៀត (ដែលដីទំហំអតិបរមា លើសការកំណត់ក្នុងបទញ្ញត្តិ)។៥.អ្នកស្នើសុំដីពុំធ្លាប់ទទួលបានដីសម្បទានសង្គមកិច្ចសម្រាប់គោលបំណងដូចគ្នាពីមុនមកឡើយ។៦.អ្នកស្នើសុំដីត្រូវត្រៀមខ្លួនជាស្រេច មានឆន្ទៈ និងមានលទ្ធភាពចូលរួមក្នុងកម្មវិធីសម្បទានដីសង្គមកិច្ច ស្របតាមផែនការសម្បទានដីសង្គមកិច្ចដែលបានយល់ព្រម។

រដ្ឋបាលឃុំប្រស្និបបញ្ជាក់ថាប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបំណងដាក់ពាក្យស្នើសុំដីសម្បទាន សង្គមកិច្ច អាចអញ្ជើញមកទាក់ទងទទួលពាក្យស្នើសុំដោយឥតគិតថ្លៃ ព្រមទាំងស្តាប់ការពន្យល់ណែនាំក្នុងការបំពេញ ពាក្យស្នើសុំពីមន្ត្រីទទួលបន្ទុក ទទួលពាក្យស្នើសុំដីនៅសាលាឃុំប្រស្និប រៀងរាល់ម៉ោងធ្វើការ។ ពាក្យស្នើសុំដីត្រូវ បិទ រូបថត ៤ x ៦ មួយសន្លឹកៈ និងភ្ជាប់មកជាមួយនូវឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង