នយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាគឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ «នយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺន៥ពាន់នាក់ និងមានប្រាក់ឈ្នួលមធ្យមសរុបជាង៤៥១លានដុល្លារក្នុងមួយឆ្នាំ»។នេះជាការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជាក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្តេចតេជោបានថ្លែងបន្តទៀតថា បញ្ហាកូវីដ-១៩ មិនមែនជាកត្តារាំងស្ទះ ឬឧបសគ្គមិនអាចឱ្យមានជំនួបរបស់សម្តេចជាមួយបងប្អូនកម្មករ កម្មការិនីនោះទេ។

ក្នុងពិធីខាងលើនោះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅម្ដងទៀតនៅស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះម្តងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។

សម្តេចបានសម្តែងក្តីរីករាយចំពោះកម្មករ កម្មការនីរោងចក្រទាំងអស់ ក្នុងស្រុកសំរោងទង និងគងពិសី ខេត្តកំពង់ស្ពឺ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ស្ទើរគ្រប់ៗគ្នា និងគ្រប់ដូស តាមការកំណត់របស់ក្រុមគ្រូពេទ្យ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពីមុនដី១ហិកតាអាចធ្វេីស្រែចំការ និងចិញ្ចឹមប្រជាពលរដ្ឋបាន តែ១គ្រួសារ ដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែ នៅពេលមានការវិនិយោគលេីផ្ទៃដី១ហិកតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្ម។

សម្តេចតេជោបន្តថា ជំនួបរវាងសម្តេច ជាមួយបងប្អូនកម្មករ កម្មការិនី គឺធ្វើឡើងដោយក្តីគោរពស្រឡាញ់ ការជឿទុកចិត្តការយកចិត្តទុកដាក់ និងជាការថ្លែងអំណរគុណដល់បងប្អូនកម្មករកម្មការិនីដែលកន្លងមកតែងតែគាំទ្រចំពោះការដឹកនាំរបស់សម្ដេច។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសចាត់វិធានការចំពោះជនណា ឬ ក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬ ធ្វើសកម្មភាពផ្សេងៗ ក្នុងពេលបោះឆ្នោតខាងមុខនេះដូចជា ការគូសសន្លឹកឆ្នោតចោល ក្នុងគោលដៅបំផ្លាញដល់ដំណើរការ ឬបរិយាកាសបោះឆ្នោត គឺនឹងមិនត្រូវអត់ឱន ឬលើកលែងបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង