កម្លាំងPMក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនជនដៃដល់២នាក់ពាក់ព័ន្ធការបាញ់សម្លាប់ជនជាតិចិនម្នាក់នៅចំណុចចំការដំឡូងមី
បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានចាប់ឃាត់ជនដៃដល់ចំនួន២នាក់ ដោយម្នាក់ជាជនជាតិចិន ក្រោយបានធ្វើការបាញ់ប្រហារទៅលើជនរងគ្រោះជាជនជាតិចិនម្នាក់បណ្តាលឲ្យស្លាប់ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន រស់នៅក្នុងនៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះរងមានស្នាមមួយគ្រាប់កាំភ្លើងចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយមកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង ហើយនៅជុំវិញបរិវេណកន្លែងកើតហេតុ បានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី ចំនួន០១គ្រាប់, គ្រាប់កាំភ្លើងខ្លីម៉ាកម៉ាក់GLOUK-17 ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងម៉ាកK54 ចំនួន០១គ្រាប់។
ប្រភពព័ត៌មានបានអះអាងថា ដោយមានការសម្របសម្រូលនីតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង ២២និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖ទី១-ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។និងទី២-ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
ប្រភពបានបន្តទៀតថា ជនសង្ស័យខាងលើស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមរបាយការណ៍ វត្ថុតាងចាប់យក រួមមាន៖ទី១-កាំភ្លើងខ្លីម៉ាក់ GLOUK-17 ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ Zhou Yong។ទី២-កាំភ្លើងខ្លីម៉ាកK54 ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ ឡោ លឹមហាប់។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថានដើមបណ្ដឹងឈ្មោះ Li Zhong Guo ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាបងជីដូនមួយជនរងគ្រោះ។ ក្រោយចាប់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ខណៈសាច់ញាតិជនរងគ្រោះ សុំឲ្យតុលាការចាត់វិធានការឲ្យបានតឹងរឹងចំពោះជនសង្ស័យទាំង២នាក់ខាងលើនេះ៕