បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាមិនមែនជាគណបក្សល្អឥតខ្ចោះនោះទេ ហើយគណបក្សបានធ្វើការកែទម្រង់ជាប់ជាប្រចាំ
ភ្នំពេញ៖ «គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះនោះទេ ហើយគណបក្សបានធ្វើការកែទម្រង់ជាប់ជាប្រចាំ ជាពិសេសការខិតខំកែលម្អចំណុចខ្វះខាតតាមរយៈការដាក់ចេញនូវអភិក្រមទាំង៥៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។ដូចនេះដើម្បីបន្តនូវបុព្វហេតុដ៏ត្រឹមត្រូវ និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់បក្ស, ក្នុងនាមជាយុវជនបក្ស និងជាសកម្មជន លោកបណ្ឌិត បានអះអាងថា មានភារកិច្ចសំខាន់៣គឺ៖ ទី១៖ ថែរក្សាឲ្យបាននូវរាល់សមិទ្ធផលវិជ្ជមាន ដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង និងបន្សល់ទុកឲ្យ, ទី២៖ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតឲ្យកាន់តែល្អប្រសើរ និងទី៣៖ រួមគ្នាកសាងមូលដ្ឋានឲ្យបានរឹងមាំ ដើម្បីផ្ទេរទៅឲ្យយុវជនជំនាន់ក្រោយៗទៀត»។
ការថ្លែងអះអាងរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន៧មករា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងបន្ថែមថា «ដើម្បីទទួលបានការគាំទ្ររបស់ប្រជាពលរដ្ឋ, គណបក្សដាក់ចេញនូវគោលនយោបាយបម្រើប្រជាពលរដ្ឋ ហើយគោលនយោបាយនេះ នឹងក្លាយទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងករណីដែលគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត។ ក្នុងន័យនេះ គណបក្សជាយន្តការដែលប្រជាពលរដ្ឋប្រើប្រាស់ដើម្បីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន គឺការរស់នៅប្រកបដោយសេចក្តីសុខ និងការអភិវឌ្ឍ ទាំងចំពោះប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗ, សង្គមគ្រួសារ និងប្រទេសជាតិទាំងមូល»។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ, សាស្ត្រាចារ្យ និងមន្រ្តីគ្រប់ជាន់ថ្នាក់ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញទាំងអស់ ដែលបានព្យាយាមអស់ពីកម្លាំងកាយចិត្តក្នុងការធ្វើឲ្យប្រសើរឡើងនូវ គុណភាពអប់រំកម្រិតឧត្តមសិក្សា ក្នុងរយៈកាលកន្លងមក និងសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សនៅតាមក្រសួង-ស្ថាប័ន និងគណៈកម្មាធិការគណបក្សមូលដ្ឋានទាំងអស់ ដែលបានអនុវត្តភារកិច្ចការងារយ៉ាងខ្ជាប់ខ្ជួន ជាពិសេសក្នុងការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ក៏ដូចជាការជំរុញការកសាងសមាជិកបក្សនៅក្នុងជួរសាស្ត្រាចារ្យ, បុគ្គលិកអប់រំ, គរុសិស្ស និងនិស្សិត ព្រមទាំងការចលនាសកម្មជនយុវជនគណបក្ស ដើម្បីចូលរួមក្នុងយុទ្ធនាការ និងព្រឹត្តិការណ៍សំខាន់ៗរបស់គណបក្ស។
ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាសមាជិកបក្ស បានណែនាំឲ្យសមាជិកត្រូវរួមគ្នាក្នុងនាមជាកម្លាំងប្រតិបត្តិករ ដើម្បីរួមចំណែកគាំទ្រ និងអនុវត្តបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស សំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះរបស់គណបក្ស ដែលនឹងបន្តរែកពន់អម្រែកភារកិច្ចបម្រើជាតិ និងប្រជាជនតទៅមុខទៀត ខណៈដែលគណបក្សយើងបានកសាងសមិទ្ធផលធំៗជាច្រើនជូនជាតិ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគត៕