នាយករដ្ឋមន្ត្រីកម្ពុជា៖ ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការចម្លែកអារម្មណ៍ចំពោះក្រុមប្រឆាំង ដែលធ្វើមើលមិនឃើញចំពោះការលិចលង់នៅអាមេរិក និងអឺរ៉ុប ដោយសារជំនន់ទឹកភ្លៀង បែរនាំគ្នាវាយប្រហាររាជរដ្ឋាភិបាលរឿងទឹកលិចរាជធានីភ្នំពេញ ព្រោះភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗនេះ។
សម្តេចតេជោបានលើកឡើងបែបនេះ បន្ទាប់ឃើញមានទឹកភ្លៀងកំពុងបង្កើតឱ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសមួយចំនួន ដែលក្នុងនោះមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ។
នៅលើបណ្តាញសង្គម Twitter ដែលជាមធ្យោបាយថ្មីក្នុងការបង្ហាញសារនានានោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល»។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលេចជាភាសាអង់គ្លេសផងដែរថា «Extreme floods are attacking the US and Europe and no one criticized. In Cambodia, it was just a big rain with a level of 153 mm which we never had before and they used it as a topic to attack government»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមរយៈសារព័ត៌មានអន្តរជាតិនានា បានបង្ហាញថា ជំនន់ទឹកភ្លៀងបង្កការជន់លិចប៉ះពាល់ប្រជាពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត។ ប៉ុន្តែការជន់លិចទាំងនោះ មិនត្រូវបានអ្នកនយោបាយមាននិន្នាការប្រឆាំង ឬក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសលើកមកបង្ហាញ ឬនិយាយ ដើម្បីបានជាតថភាពពិតដល់ការគិត និងពិចារណារបស់ប្រជាពលរដ្ឋនោះឡើយ។
ផ្ទុយពីជំនន់ទឹកភ្លៀងនៅកម្ពុជានាំឱ្យជន់លិចរាជធានីភ្នំពេញកាលពីប៉ុន្មានថ្ងៃមុននេះ។ ក្រុមអ្នកនយោបាយប្រឆាំង និងអ្នកនយោបាយជ្រុលនិយម គេបានធ្វើអត្ថាធិប្បាយច្រើន ដោយមិនលើកបង្ហាញពីមូលហេតុនៃការធ្លាក់ភ្លៀងខ្លាំងមិនធ្លាប់មាន ដែលមានកម្រិតរហូតដល់ ១៥៣មិល្លីម៉ែត្រ។
ពួកគេបែរជាលើកហេតុផលតែមួយប៉ុណ្ណោះ គឺការចោទប្រកាន់ពាក់ព័ន្ធការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលទៅវិញ។ ការអត្ថាធិប្បាយដែលមិនលើកបង្ហាញនូវមូលហេតុពិតនៃបញ្ហា គឺជាការធ្វើឱ្យប្រជាពលរដ្ឋគ្មានមូលដ្ឋានពិចារណាទៅលើបញ្ហាអ្វីមួយ។
ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងក្នុងរាជធានីភ្នំពេញនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងរៀបចំហេដ្ឋារចនាសម្ព័ន្ធហូររំដោះទឹកភ្លៀង មានដូចជាការរៀបចំប្រព័ន្ធលូធំ និងកន្លែងសម្រាប់ស្តុកទឹកភ្លៀងជាដើម។
ទឹកភ្លៀងប៉ុន្មានថ្ងៃមុននេះ ដ្បិតតែលិចពេលកំពុងភ្លៀង។ ប៉ុន្តែក្រោយពេលភ្លៀងមិនយូរប៉ុន្មាន ទឹកបានហូរអស់ពីរាជធានីភ្នំពេញ ដែលជាការបង្ហាញឱ្យឃើញនូវសមត្ថភាពនៃការហូររំដោះទឹកបានលឿនរហ័ស៕