នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងប្រមាណជាង៣០០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនីទៅបោះឆ្នោតនៅតាមបណ្តាខេត្ត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាឱ្យបញ្ចេញរថយន្តក្រុងសាធារណៈប្រមាណជាង៣០០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅតាមបណ្តាខេត្ត ខាងមុខនេះ។

បើតាមប្រសាសន៍សម្តេចតេជោបានផ្តោតសំខាន់លើ ២ចំណុច រួមមាន៖ទី១.ការដឹកជញ្ជូននេះ មិនរើសអើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតឡើយ យើងដឹងគ្រប់និន្នាការនយោបាយ។ ទី២.សម្តេចតេជោ បានស្នើឲ្យរៀបចំចំនួនរថយន្តឲ្យបានច្បាស់ ថាខេត្តណាតម្រូវការប៉ុន្មាន។

ការដឹកជញ្ជូននេះ គឺពុំមានយកថ្លៃនោះទេ ដូច្នេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសាលារាជធានីភ្នំពេញ រៀបចំឲ្យមានអ្នកបើកបរ ឲ្យបានត្រឹមត្រូវ យកចិត្តទុកដាក់លើសុខុមាលភាពកម្មករកម្មការិនី។ សម្តេចតេជោ សង្ឃឹមថា យន្តការនេះនឹងជួយកាត់បន្ថយដល់ការចំណាយរបស់កម្មករកម្មការិនី ដែលត្រូវធ្វើដំណើរទៅបោះឆ្នោត។

គួរជម្រាបថា កម្មករនិយោជិត នឹងត្រូវបានឲ្យឈប់សម្រាក ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣ដល់២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រាក់បៀវត្ស ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។

សម្តេចតេជោបានសង្ឃឹមដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការដឹកជញ្ជូនទៅវិញទៅមកនេះ ដល់កម្មករនិយោជិត ឲ្យបានល្អប្រសើរបំផុត៕

អត្ថបទដែលជាប់ទាក់ទង