ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ស្នើសុំសិទ្ធិបម្រើប្រជាពលរដ្ឋអ្នកកោះធំ សំពៅពូនបន្តទៀត ដោយសុំឲ្យប្រជាជនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨
កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ស្នើសុំសិទ្ធិបម្រើប្រជាពលរដ្ឋអ្នកកោះធំ សំពៅពូនបន្តទៀត ដោយសុំឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យបានគ្រប់ៗគ្នាដើម្បីឯកឧត្ដមបានសិទ្ធិបម្រើនិងនាំយកសមិទ្ធផលថ្មីៗបន្ថែមទៀត។
ការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សប្រជាជនកម្ពុជា ១៣៤៣នាក់ មកពីមូលដ្ឋានឃុំព្រែកថ្មី នៃស្រុកកោះធំ និងសមាជិកគណបក្សសមាគមមនុស្សចាស់។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃសុខសន្តិភាពរបស់កម្ពុជាដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំលះបង់សាច់ស្រស់ ឈាមស្រស់ បូជាទាំងកម្លាំងចិត្ត កាយ ពេលវេលា ចាក់ចោលក្រុមគ្រួសារ និងភរិយាដែលមានផ្ទៃពោះទៀតផងទម្រាំទទួលបានសន្តិភាពជូនជាតិមាតុភូមិ។ ដូច្នេះដើម្បីចូលរួមថែរក្សាសុខសន្តិភាពរបស់កម្ពុជាឲ្យបានគង់វង្ស និងតបស្នងសងគុណស្ដេចតេជោ យើងត្រូវនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានទាំងអស់គ្នា។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ឯកឧត្តមនឹងនាំបងប្អូនប្រជាពលរដ្ឋអ្នកស្រុកកោះធំ និងក្រុងសំពៅពូនទៅលេងផ្លូវល្បឿនលឿនតាមសំណើររបស់ពួកគាត់ព្រោះឯកឧត្តមគឺអ្នកបម្រើរាស្ត្រ ត្រូវបម្រើរាស្ត្រ រាស្ត្រចង់ទៅ យើងក្រុមការងារត្រូវបម្រើរាស្ត្រឲ្យបានល្អប្រសើរ។
ទន្ទឹមគ្នានោះ បងប្អូនប្រជាពលរដ្ឋសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន១៣៤៣នាក់ មកពីមូលដ្ឋានឃុំព្រែកថ្មី នៃស្រុកកោះធំ និងសមាជិកគណបក្សសមាគមមនុស្សចាស់ បានអញ្ជើញមកជួបជុំគ្នាដោយទឹកចិត្តសប្បាយរីករាយ និងបានប្តេជ្ញាចិត្ត បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលខាងលើ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ ថុល បានបន្តអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត។
គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕