អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករក្នុងរយៈពេល ៦ខែឆ្នាំនេះបានជាង២ពាន់លានដុល្លារ
ភ្នំពេញ៖ ត្រឹមរយៈពេលឆមាសទី១ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចំនួន ២ ០៧២,៣៩លានដុល្លារ ស្មើនឹង ៥៨,០២ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ចំនួនចំណូលក្នុងឆមាសទី១ នេះបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ គឺមានការថយចុះ ១៩,០៣ភាគរយ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមិថុនា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២៤៥,៦៨ លានដុល្លារ ស្មើនឹង ៦,៨៨ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលដែលប្រមូលបានតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះក្នុងរយៈពេល ៦ខែឆ្នាំនេះ ក្នុងនោះវិស័យកម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ ថយចុះ ១២,៨៩ភាគរយ វិស័យចលនទ្រព្យថយចុះ ៣,៨៨ភាគរយ។ ទន្ទឹមគ្នានេះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៣ភាគរយ។
ផ្អែកតាមស្ថានភាពនៃចំណូលពន្ធរយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថាការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣នេះ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៤៦៥,៣៩ប៊ីលានរៀល ស្មើនឹងប្រមាណជា៣ ៥៧១,៧០លានដុល្លារ។
អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងទុកថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៦០ភាគរយ ហើយរំពឹងថាការប្រមូលពន្ធសម្រាប់ឆ្នាំ២០២៣ នេះនឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ។
ដើម្បីឱ្យសម្រេចតាមផែនការឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតីបុរសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តអនុវត្តការងារកំណែទម្រង់និង ទំនើបកម្មរដ្ឋបាលសារពើពន្ធ។
ជាមួយគ្នានេះបន្ដអនុវត្តវិធានការទារនិងតឹងទារបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ ហើយមិនបានចូលខ្លួនមកទូទាត់ឬដោះស្រាយឱ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះ បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ និង/ឬ ព្យួរទុកឬ បើកដំណើរការវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម។
បន្ថែមគ្នានេះដែរ ត្រូវបន្តចូលរួមក្នុងក្របខ័ណ្ឌការងារប្រឆាំងនឹងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) និងអនុគណៈ កម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ)៕