ចាប់វ៉ៃខ្នោះមេដឹកនាំគណបក្សភ្លើងទៀន២នាក់ញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន០២នាក់ពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

សមាជិកជាន់ខ្ពស់គណបក្សប្រឆាំង០២នាក់៖ ទី១.ឈ្មោះ លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២.ឈ្មោះ ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នោះទេ ដោយសារតែពុំមានឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់គ.ជ.ប និងច្បាប់។

ការនាំខ្លួនសមាជិកនេះ ធ្វើឡើងដោយមានការអ​នុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ ក្នុងការឃាត់ខ្លួនបុគ្គលទាំងពីររូបខាងលើនេះ។ បន្ទាប់ពីធ្វើការសាកសួរចម្លើយហើយ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមច្បាប់។

បើយោងតាមមាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកឡុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង