ឯកឧត្តម គួច ចំរើន ណែនាំពលរដ្ឋផ្អាកធ្វើដំណើរតាមសមុទ្រខេត្តព្រះសីហនុ


ព្រះសីហនុ៖ តាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ តំបន់មាត់សមុទ្រនឹងមានខ្យល់បក់បោក និងមានរលកសមុទ្រខ្ពស់។

ផ្អែកតាមការព្យាករនេះ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកដើម្បីជៀសវាងជួបគ្រោះថ្នាក់យថាហេតុណាមួយដោយសារបញ្ហាអាកាសធាតុ។

ឯកឧត្តម គួច ចំរើន បានណែនាំឱ្យអាជ្ញាធរទប់ស្កាត់ពលរដ្ឋ និងអ្នកនេសាទផ្អាកធ្វើដំណើរតាមផ្លូវសមុទ្រជាបណ្តោះអាសន្នសិន ហើយប្រសិនពួកគាត់បានធ្វើដំណើរទៅតាមកោះ ក៏ត្រូវមានទំនាក់ទំនងមកខាងសហគមន៍ ឬអាជ្ញាធរដើម្បីឱ្យពួកគាត់បានត្រឡប់មកដីគោកវិញ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថាចាប់ពីថ្ងៃទី១៥ ខែកក្កដា ព្យុះនឹងចូលមកសមុទ្រចិនខាងត្បូង និងបន្តឆ្ពោះមកសមុទ្រខាងជើងវៀតណាមអំឡុងថ្ងៃទី១៩ ខែកក្កដា នឹងធ្វើឱ្យតំបន់ទំនាប ខ្ពង់រាប និងមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ និងមានខ្យល់បក់បោក រលកខ្ពស់ៗ។

ក្រសួងធនធានទឹក អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង