ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្តដា ខាងមុខនេះ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីចេញទៅទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសតំណាង និងគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត។ ការចេញទៅបោះឆ្នោតមិនត្រូវបោះឆ្នោតជាការបំផ្លាញសន្លឹកឆ្នោតដែលទទួលយកការញុះញង់របស់បុគ្គលណា ឬក៏ក្រុមណាមួយនោះទេ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាការតម្លៃឱ្យខ្លួនឯង ព្រោះថាសន្លឹកឆ្នោតបានការមួយនឹងរាប់ជាសំឡេងដល់គណបក្សនយោបាយណាមួយដែលបងប្អូនស្រឡាញ់ពេញចិត្ត”។

គ.ជ.ប បានឱ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

គ.ជ.ប បានបញ្ជាក់ថា មាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖ ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុងចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។

ជាមួយគ្នានេះ គ.ជ.ប អំពាវនាវសូមប្រជាពលរដ្ឋកុំចាញ់បោកទង្វើទុច្ចរិតរបស់អគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។ គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង