សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅពលរដ្ឋឲ្យចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅពេលនេះគឺស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតដល់មានរយៈពេល ១៦ថ្ងៃមកនេះ គ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងបានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំ។
សម្ដេចបានសរសេរនៅលើ Channel Telegram របស់សម្ដេចនៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា៖ «ស្របជាមួយនឹងព្រះរាជអំពាវនាវរបស់ ព្រះមហាក្សត្រ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា»។
គួរដឹងផងដែរថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងត្រូវបានរៀបចំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយមានគណបក្សចូលរួមចំនួន ១៨គណបក្ស៕