ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ គឺបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍ ការពារសន្តិភាព និងការពារសមិទ្ធផលសង្គមនានា
ភ្នំពេញ៖ នៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូនបានបន្តដឹកនាំសមាជិក សមាជិកា ប្រមាណជា៣៧០០នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោតពីស្រុកកោះធំរហូតដល់ក្រុងសំពៅពូន។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់មន្ត្រីគណបក្ស គណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ សមាជិកសមាជិកានិងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានបំពេញភារកិច្ចជោគជាំ ប្រកបដោយភាពជិតស្និទ្ធជាមួយប្រជាជន ដឹងសុខទុក្ខក្នុងជីវភាពរស់នៅ ដឹងសំណូមពររបស់ប្រជាជន និងដោះស្រាយបញ្ហាជូនប្រជាជនបានទាន់ពេលវេលា តាមលទ្ធភាពជាក់ស្ដែង។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សទាំងអស់សូមរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងមានការប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់បទបញ្ញត្តិនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ផងដែរថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចំណុចខ្ពស់ពោលគឺជាកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាកត្តាកំណត់ជ័យជំនះសម្រាប់ដំណើរការរីកចម្រើនបន្តទៅមុខទៀតរបស់ព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវសុំឱ្យអ្នកស្រុកកោះធំ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ការពារសន្តិភាព និងសមិទ្ធផលសង្គមនានាផងដែរ។
ទន្ទឹមគ្នានោះ ឯកឧត្តមបានស្នើសុំឱ្យមន្ត្រីគ្រប់មណ្ឌលសកម្មភាពបក្ស ប្រធាន-អនុប្រធានក្រម គ្រួសារបក្សនីមួយៗពិនិត្យសមាជិកគ្រួសារបក្សនីមួយៗអំពីអត្តសញ្ញាណសម្រាប់បោះឆ្នោត និងដឹកនាំសមាជិកគ្រួសារបក្សអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតរបស់ខ្លួនឱ្យបានទាន់ពេលវេលា។
នៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ ឯកឧត្តមបន្តអំពាវនាវឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត។
គួរជម្រាបថា កំលុងពេលនៃការឃោសនារកសម្លេងឆ្នោតចំនួន២០ថ្ងៃមកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំសមាជិក ចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ គណៈកម្មការរៀបចំការបោះឆ្នោត(គ.ជ.ប)ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ អាជីករលក់ដូរតាមផ្សារ បុគ្គលិកក្រុមហ៊ុននានា នៅក្នុងមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន៕