សម្ដេចតេជោ ហ៊ុន សែន បង្ហើបពីរយៈពេលដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អាចនឹងក្លាយទៅជានាយករដ្ឋមន្ត្រីកម្ពុជា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា ប្រហែលតែមួយខែទៀតទេឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត អាចនឹងក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ការលើកឡើងរបស់សម្ដេចតេជោគឺនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងស្ថានីយទូរទស្សន៍ចិន Phoenix News ដើរទើបតែត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញ។
ក្នុងវីដេអូបទសម្ភាសនោះសម្តេចតេជោបានលើកឡើងថា៖ «ឥឡូវ ខ្ញុំកំពុងអង្គុយ ដែលមានអំណាចពេញដៃ តែ១ខែក្រោយទៀត ខ្ញុំអត់មានអំណាចចុះហត្ថលេខា, អត់មានអំណាចដូចថ្ងៃនេះទេ»។
ក្នុងវីដេអូរបស់សម្ភាសន៍នោះ សម្ដេចតេជោបានលើកឡើងថា សម្ដេចបានបណ្ដុះបណ្ដាលកូនរបស់សម្ដេច ដើម្បីធ្វើជានាយករដ្ឋមន្ត្រីហើយនេះមិនមែនជារឿងថ្មីនៅលើពិភពលោកនោះទេ កូនមេដឹកនាំពិភពលោកមួយចំនួនបានធ្វើជាឧទាហរណ៍រួចទៅហើយ ដែលបានក្លាយទៅជាមេដឹកនាំប្រទេសបន្តពីឪពុកឬជីតារបស់គេ។ ក្នុងនោះក៏មានមេដឹកនាំនៃសហរដ្ឋអាមេរិកផងដែរ។
សម្ដេចតេជោបានសង្កត់ធ្ងន់ថាសម្ដេចជាអ្នកដែលលះបង់នៅអំណាចដែលខ្លួនមានពេញដៃទៅកាន់អ្នកបន្តវេន ដោយថាការនេះមិនមែនសម្រាប់ឯកឧត្ដម ហ៊ុន ម៉ាណែត ទេតែដើម្បីជាតិប្រជាជននិងសន្តិភាពនៅក្នុងប្រទេស។
សម្ដេចថា៖ «គេ(ហ៊ុន ម៉ាណែត ) នឹងបម្រើប្រជាជនល្អជាងខ្ញុំ។ អ្នកដែលលះបង់ធំជាងគេ គឺអ្នកណា គឺខ្ញុំទេ។ ធ្លាប់អង្គុយធ្វើនាយករដ្ឋមន្ត្រី ឥឡូវមិនមែនជានាយករដ្ឋមន្រ្តី គ្រាន់តែជាឪពុកនាយករដ្ឋមន្រ្តីទេតើ»។
សម្ដេចតេជោបន្ថែមថាមិនអាចហាមឃាត់អ្នកតិចទៀតបានទេ ប៉ុន្តែអ្វីដែលសំខាន់គឺឯកឧត្ដម ហ៊ុន ម៉ាណែត អាចធ្វើជានាយករដ្ឋមន្ត្រីបានដោយស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
សម្ដេចថា៖ «វាត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា គ្រប់គ្រាន់ហើយ។ គ្មានអ្នកណា មានសិទ្ធិក្នុងការកាត់សិទ្ធិ ហ៊ុន ម៉ាណែត នៅពេលដែល ហ៊ុន ម៉ាណែត អត់មានទោសកំហុសទេ។ មិនមែនបានសេចចក្តីថា កូននាយករដ្ឋមន្រ្តី គ្មានសិទ្ធិធ្វើនយោបាយនោះទេ»៕