ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណប្រជាពលរដ្ឋកម្ពុជាដែលបានផ្តល់យុត្តិធម៌ដល់គ្រប់គណបក្សនយោបាយ
ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា អត្រានៃអ្នកចេញទៅបោះឆ្នោត សបញ្ជាក់ឱ្យឃើញជាក់ច្បាស់ថាប្រជាពលរដ្ឋពិតជាបានចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់អំណាចក្នុងការកំណត់ជោគវាសនាប្រទេសជាតិខ្លួន ដោយខ្លួនឯង។
ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងតាមរយៈសារលើបណ្តាញសង្គមលោកនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថា៖«ផ្អែកតាមលទ្ធផលបណ្តោះអាសន្នមិនទាន់ផ្លូវការ យើងបានឃើញថាអត្រាពលរដ្ឋចេញទៅបោះឆ្នោតនៅទូទាំងប្រទេស មានចំនួន ៨៤,២១% (គិតត្រឹមម៉ោង ១៦:១៧ នាទី)»។
ឯកឧត្តមបានលើកឡើងថា ការយល់ច្បាស់ពីសារៈសំខាន់នៃការបោះឆ្នោត និងការប្រើប្រាស់សិទ្ធិនយោបាយមួយនេះយ៉ាងត្រឹមត្រូវ គឺជាការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ទោះបីជាមានជនមួយក្តាប់តូចព្យាយាមអុកឡុកដំណើរការបោះឆ្នោតតាមរយៈសកម្មភាពល្មើសផ្សេងៗ ដែលទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចមានតម្រូវការក្នុងការអនុវត្តច្បាប់ ក៏សង្កេតឃើញថាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានាពេញលេញ ដោយគ្មានការរំខានឡើយ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដោយបានផ្តល់យុត្តិធម៌ដល់គ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយបានជ្រើសរើសគណបក្សនយោបាយស្របតាមឆន្ទៈ និងការវិនិច្ឆ័យរបស់ខ្លួន។
គួរឱ្យដឹងដែរថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យនេះក្នុងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕