អភិបាលខេត្តកណ្តាល៖ដំណើរការបោះឆ្នោតក្នុងខេត្តកណ្ដាលទាំងមូលគឺប្រព្រឹត្តទៅដោយរលូន
កណ្តាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ និងលោកជំទាវ បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោតលេខ០៤០៦ នៅអនុវិទ្យាល័យ ព្រះសីហនុរាជ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ជាមួយគ្នានោះឯកឧត្ដម គង់ សោភ័ណ្ឌ បានគូសបញ្ហាក់ថា ក្នុងដំណើរការបោះឆ្នោតនៅក្នុងខេត្តកណ្ដាលទាំងមូល គឺប្រព្រឹត្តទៅដោយរលូន ហើយចំពោះសន្តិសុខ សណ្តាប់ធ្នាប់សាធារណនៅតាមការិយាល័យបោះឆ្នោតនីមួយៗក៏មានស្ថានភាពល្អប្រសើ មិនមានមណ្ឌលបោះឆ្នោតណាមួយជួបបញ្ហា ឬមានបណ្តឹងតវ៉ានោះទេ ម្យ៉ាងទៀតប្រជាពលរដ្ឋបាននាំគ្នាចេញទៅបោះឆ្នោតយ៉ាងច្រើនផុលផុសផងដែរ។
សូមបញ្ជាក់ថា ខេត្តកណ្តាល មានមណ្ឌលបោះឆ្នោតចំនួន៥៥៨ ស្មើនឹង ១៧៥៦ការិយាល័យបោះឆ្នោត មានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន ៨១៨,៤៥៩នាក់ ស្រី៤៣៤,៩០១នាក់ និងមានគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សរុបចំនួន ១២គណបក្ស ក្នុងចំណោម ១៨គណបក្សនយោបាយ៕