ល្បិចប្លន់ថ្មី! ឃាត់ខ្លួនបុរសម្នាក់តែងតែនាំស្រីស្អាតៗទៅភ្ជង់ប្លន់យកទ្រព្យសម្បត្តិ!

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីប្រើវិធីសាស្រ្តប្លន់ថ្មី ដោយនាំស្រីស្អាតៗធ្វើការពេលយប់ ចូលរថយន្តដឹកចេញទៅក្រៅធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិច្រើនដង។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពបានបន្តថា ជនសង្ស័យ ឈ្មោះ សុខ រតនា អាយុ ៣៣ឆ្នាំ មានមុខរបរជាអ្នកលក់ដី នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោងជិត២រំលងអាធ្រាត្រឈានចូលថ្ងៃអង្គារទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។

បើតាមប្រភពបន្តទៀតថា ស្រីៗរងគ្រោះជាច្រើននាក់បានប្រាប់សាច់រឿងដូចៗគ្នាថា​៖ ជនសង្ស័យខាងលើបានប្រើវិធីសាស្ត្រដដែលៗ ដោយល្បួងស្រីស្អាតៗដែលរកស៊ីធ្វើការពេលរាត្រីឲ្យឡើងរថយន្តរបស់ខ្លួន ដោយនាំពួកគេទៅផឹកស៊ីបន្ត និងសន្យាផ្តល់លុយច្រើនៗជូន តែផ្ទុយទៅវិញបែរជានាំនាងទៅកន្លែងស្ងាត់រួចប្លន់តាមផ្លូវសោះ។

ប្រភពបានបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះ ជនសង្ស័យបានប្តូរមធ្យោបាយដោយប្រើប្រាស់រថយន្តផ្សេងគ្នា ពេលខ្លះនាំនារីម្នាក់ទៀតមកជាមួយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង