ឃាត់ខ្លួនបុរសម្នាក់ក្រោយធ្វើការប្រមាថសម្ដេចតេជោ ហ៊ុន សែន តាម TikTok
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកស្នងការរង ប៊ុន សុសិក្ខា បានចាប់ឃាត់ខ្លួនក្រោយពីបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok ប្រមាថដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានចេតនាញុះញង់ចង់បង្កចលាចលក្នុងសង្គម។
បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ ថា ជនសង្ស័យឈ្មោះ ភី អ៊ួក អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មុខរបរចុងភៅ (រោងចក្រ TOP SUMMIT GARMENT)ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្ហោះវីដេអូកាត់តជាសាធារណៈ ដោយភ្ជាប់ជាមួយខ្លឹមសារ ដែលមានចរិកជាការញុះញង់ធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពោលគឺមានចេតនាបង្កឲ្យចលាចលដល់សន្ដិសុខជាតិ និងប្រមាថថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តចាប់ពីអំឡុងខែមិថុនា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន។
បន្ទាប់ពីសួរនាំ ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមច្បាប់៕