សម្តេច ស ខេង បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរជូនពលរដ្ឋ
ព្រៃវែង៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មី ព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេច ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។
សម្ដេចបានកោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ រួមទាំងសាលាបឋមសិក្សា ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។
ទន្ទឹមនោះសម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាបណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។
សម្ដេចក៏បានចេញថ្លៃសាងសង់ និងសមិទ្ធផលនានាក្នុងវត្ត ដែលនៅជំពាក់ជាង ១៨.០០០ដុល្លារ ហើយសម្ដេចក៏បានប្រកាសផ្ដល់អគារសិក្សាបន្ថែម ៣ បន្ទប់ទៀត ដើម្បីបង្គប់ ៥បន្ទប់ ក្នុងនោះ ១បន្ទប់ សម្រាប់ធ្វើជាទីចាត់ការ និងបានអញ្ជើញកាត់ខ្សែបូ និងកាត់ឬស្រីមា ឆ្លងនៅសមិទ្ធផលនានានៅក្នុង វត្តមុនីរស្មីព្រៃត្បែង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរ។
សម្ដេចក៏បានដាក់បច្ច័យសីមាទាំងប្រាំបីទិសក្នុងមួយទិស២០ម៉ឺនរៀល, និងទិសឥន្ទកិល ៣០ម៉ឺនរៀល, ឧបត្ថម្ភសាលាស្រុកចំនួន មួយលានរៀល, ឧបត្ថម្ភក្រុមគ្រូពេទ្យចំនួន១៥នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល, ឧបត្ថម្ភលោកគ្រូអ្នកគ្រូចំនួន ៣៧ នាក់ក្នុងម្នាក់ ២ម៉ឺនរៀល, ឧបត្ថម្ភយុវជនស.ស.យ.ក ចំនួន១០០ នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល, ឧបត្ថម្ភយុវជនកាក់បានក្រហមចំនួន១០០នាក់ ក្នុងម្នាក់ៗ ១ម៉ីនរៀល, យុវជនកាយរឹទ្ធិចំនួន ១០០នាក់ ក្នុងនាក់ៗ ១ម៉ឺនរៀល, សិស្សានុសិស្សចំនួន៤៧០នាក់ក្នុងម្នាក់ៗ សៀវភៅ ពីរក្បាល ប៊ិចមួយដើម ថវិការ ៥ពាន់រៀល, យាយជី តាជីចំនួន ១០០នាក់ ក្រណាត់ ស មួយដុំ ថវិកា ១ ម៉ីនរៀល។
ជាមួយគ្នានោះ លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារ បានធ្វើរបាយការណ៍ឱ្យដឹងថា វត្តមុនីរស្មីព្រៃត្បែង បានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់លោកអាចារ្យ ពិន ម៉ៅ នាឆ្នាំ២០០៥ លើផ្ទៃដីជាង ២ ហិកតា ដោយមានការរួមកម្លាំងសាមគ្គីគ្នាកសាងសមិទ្ធផលជាច្រើន ដែលរហូតមកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាពរនូវព្រះវិហារ ក្លោងទ្វារ សាលាឆាន់ កុដិឈើ បន្ទប់ទឹក របងព័ទ្ធជុំវិញ ព្រមទាំងសមិទ្ធផលផ្សេងទៀត៕ ដោយ៖ ការីនិពន្ធ