ឃាត់ខ្លួនក្រុមចោរលួចរថយន្តបាន២នាក់នៅស្រុកសំរោងទង

កំពង់ស្ពឺ៖ កម្លាំងប៉ូលិសស្រុកសំរោងទងបានឃាត់ខ្លួនក្រុមចោរ២នាក់ ក្រោយពីធ្វើសកម្មភាពលួចរថយន្តរបស់លោក សម សោភ័ណ្ឌ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺ ដែលចតនៅមុខផ្ទះ កាលពីវេលាម៉ោង ០៦:៣០នាទីព្រលប់ ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៣ នៅចំណុចបង្ហៀរទឹកខាងកើតភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបាន បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្ចាស់រថយន្ត លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានដឹកនាំកម្លាំងចុះឃាត់ខ្លួនឈ្មោះ ភឿង តូនាង ហៅក្អាត់ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំកាហែង ស្រុកសំរោងទង និងឈ្មោះ គង់ ចាន់ពិសិដ្ឋ ហៅតាំងតោ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង នៅចំណុចបង្ហៀរទឹកខាងកើតភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចម្ងាយប្រហែល ១.០០០ម៉ែត្រ ពាក់ព័ន្ធករណីចោរកម្ម ដែលបានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាកស៊ីអរវី (CRV) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2V.6314 ជារបស់ឈ្មោះ សម សោភ័ណ រស់នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពបញ្ជាក់ថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយករថយន្តជនរងគ្រោះខាងលើនេះ នៅពេលម្ចាស់ទុករថយន្តនៅចំណុចមុខផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៩;៣៣នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយយោងតាមកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់រថយន្ត។

បច្ចុប្បន្នរថយន្តត្រូវបានប្រគល់ជូនម្ចាស់ដើមវិញចំពោះជនសង្ស័យទាំង០២នាក់ ឮខាងលើនគរបាលមូលដ្ឋានឃុំរលាំងគ្រើល បានប្រគល់ទៅឱ្យជំនាញផ្នែកព្រហ្មទណ្ឌក្រុងច្បារមនចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង