អធិការស្រុកស្វាយទាបខេត្តស្វាយរៀង ត្រូវបានដកហូតមុខតំណែងចោល និងបន្ថយឋានន្តរស័ក្តិ២ថ្នាក់ ពាក់ព័ន្ធលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍

(ស្វាយរៀង)៖ អធិការស្រុកស្វាយទាប ខេត្តស្វាយរៀង លោកវរសេនីយ៍ទោ សោម សារ៉ន ត្រូវបានដកហូតមុខតំណែងនិងបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់ ខណៈមន្ត្រីនគរបាលមួយចំនួនទៀតក៏បានរងវិន័យក្រោមរូបភាពព្រមានជាលាយលក្ខណ៍អក្សរលើកទី១ផងដែរ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃដែលជម្រាបមក អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងលិខិតនោះបានបញ្ជាក់ថា លោកវរសេនីយ៍ទោ សោម សារ៉ន អធិការស្រុកស្វាយទាបពិតជាបានលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍ រួមមានរថយន្តម៉ាក Camry ឆ្លាម ចំនួន ០១គ្រឿង គោយន្ត កែច្នៃចំនួន០១គ្រឿង បានឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន៥០០ដុល្លារជាថ្នូរនឹងការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិបានឱ្យអាណាព្យាបាលរបស់ជនសង្ស័យប្រើប្រាស់គ្រឿងញៀនបង់ប្រាក់ចំនួន២០០ដុល្លារជាថ្នូរនឹងការដោះលែង បានឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន៤០០ដុល្លារក្នុង០១បន្ទប់ ដើម្បីបានចូលបម្រើការងារក្នុងអគារថ្មី។

ប្រភពបន្តថា លោកអធិការរូបនេះបានឱ្យជនជាតិបង់ក្លាដេសឆ្លងដែនខុសច្បាប់ បង់ប្រាក់ចំនួន៥,០០០ដុល្លារជាថ្នូរនឹងការដោះលែងព្រមទាំងបានប្រើប្រាស់ពាក្យសំដី មិនសមរម្យទៅកាន់មន្ត្រីនគរបាលក្រោមឱវាទ ដែលទង្វើទាំងនេះបាន ប្រព្រឹត្តផ្ទុយនឹងប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ១០ លេខ៣ និងលេខ ៨ និងជំពូកទី៦ ប្រការ៣២ ចំណុច ខ.លេខ៤ លេខ៥ និងលេខ២១។

ការិយាល័យបុគ្គលិក និងអធិការដ្ឋាននគរបាលស្រុកស្វាយទាប នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ពុំបានអនុវត្តតួនាទីភារកិច្ច ឱ្យស្របតាមបែបបទ និងនីតិវិធីរដ្ឋបាល ហើយមានការបែកបាក់ សាមគ្គីភាពផ្ទៃក្នុងនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប..!។

ដូចនេះក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូន អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បី អនុវត្តវិន័យតាមប្រកាសលេខ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៦ ប្រការ៣២ ដូចខាងក្រោម៖ *ដាក់ទណ្ឌកម្មខាងវិន័យកម្រិតទី១ ចំពោះលោកវរសេនីយ៍ត្រី វ៉ា សំណាង អត្តលេខ ៨៧១៥៩ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ លោកអនុសេនីយ៍ឯក ផាត់ ផល អគ្គលេខ ៣១០៧០ នាយរងផ្នែក អន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក កឹម ស៊ីថុន អត្តលេខ៤៨៧៨៦ នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរូបភាពព្រមានជា លាយលក្ខណ៍អក្សរលើកទី១។

*ដាក់ទណ្ឌកម្មខាងវិន័យកម្រិតទី២ ចំពោះលោកវរសេនីយ៍ទោ សោម សារិន អត្តលេខ ៣៦៤៧៤ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមរូបភាពដុកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួន០២ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង