ប្រពន្ធនាយពាក់មីទៅកែសម្ជស្ស រហូតសង្គ្រោះបន្ទាន់
ភ្នំពេញ៖ ប្រពន្ធរបស់នាយពាក់មីអ្នកកំប្លែងតាមកញ្ចក់ទូរទស្សន៍និងតាមបណ្ដាញសង្គមត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយបានទៅកែសម្ផស្សនៅគ្លីនិកកែសម្ពស្សមួយកន្លែង មានស្លាកយីហោ«អេស៨៨ ប៊ីយូធី ផ្សារធំថ្មី»បន្ទាប់ពីមានអាការៈក្អួត និងរាកធ្ងន់ធ្ងរ។
បើតាមប្រភពថា គ្លីនិកកែកែសម្ពស្សខាងលើ បានកែសម្ពស្សឲ្យស្ត្រីម្នាក់ ដែលត្រូវបានគេដឹងថា គឺជាប្រពន្ធរបស់នាយពាក់មីមីដោយគេសង្ស័យថា អាចមកពីការខ្វះបច្ចេកទេស ទើបធ្វើឲ្យមានអាការៈក្អួត និងរាកធ្ងន់ធ្ងរ រហូតដល់ថ្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ១១០ ផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ប្រភពបានបន្តថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ជា សុធីម អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ14Eo ផ្លូវជាតិ៥ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ស្ថិតក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវ រាជធានីភ្ភ្នំពេញដែលគេស្គាល់ថាជា ភរិយារបស់អ្នកកំប្លែង នាយ ពាក់មី។
ប្រភពបានបន្ថែមថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅទទួលសេវាកម្មនៅគ្លីនិកកែសម្ពស្សមួយកន្លែង មានស្លាកយីហោ «អេស៨៨ ប៊ីយូធី ផ្សារធំថ្មី» កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីទទួលសេវាកម្មរួចរាល់ ស្ត្រីរងគ្រោះ បានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលនោះស្រាប់តែមានអាការៈមិនស្រួលក្នុងខ្លួន បណ្តាលឲ្យក្អួត និងរាកធ្ងន់ធ្ងរ រហូតដល់ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗតែម្តង។
ប្រភពបញ្ជាក់ថា ក្រោយទទួលដំណឹងនេះភ្លាម សមត្ថកិច្ចក៏បានទៅដល់មន្ទីរពេទ្យ និងធ្វើការសាកសួរពីស្ថានភាពអាការៈរបស់ស្ត្រីរងគ្រោះ ព្រមទាំងបានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ រួចធ្វើដំណើរទៅកាន់ទីតាំងគ្លីនិកកែសម្ពស្សខាងលើ ដើម្បីធ្វើការត្រួតពិនិត្យផងដែរ។ ប៉ុន្តែម្ចាស់គ្លីនិកហាក់បីដូចជាបានដឹងដំណឹងនេះមុន ក៏បិទទ្វារគ្លីនិករបស់ខ្លួន ថែមទាំងបិទទាំងទូរស័ព្ទទាក់ទងមិនចូល រួចរត់គេចខ្លួនបាត់តែម្តង។លុះរហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការដឹកនាំផ្ទាល់ពីលោកព្រះរាជអាជ្ញារង ទី មុនិន្ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្កើតគណៈកម្មាធិការចូលរួម រួមមាន ៖ អភិបាលរងខណ្ឌអធិការរង អនុការិយាល័យនិយតកម្មសុខាភិបាល ប្រធាននីតិកម្មខណ្ឌ ព្រមទាំងលោកចៅសង្កាត់ និងនាយប៉ុស្តិ៍ ចុះទៅធ្វើការត្រួតពិនិត្យទីតាំងខាងលើ ជាលទ្ធផលបានរកឃើញថា គ្លីនិកខាងលើនេះ ពុំមានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាលនោះទេ។ក្រោយពីធ្វើការការត្រួតពិនិត្យរួច មន្ត្រីជំនាញបានចាប់យកវត្ថុតាងមួយចំនួន ដើម្បីយកទៅពិសោធន៍នៅក្រសួងសុខាភិបាល។ ហើយចំពោះទីតាំងខាងលើនេះដែរ ត្រូវបានគណៈកម្មាធិការធ្វើកំណត់ហេតុ សម្រេចបិទ និងផ្អាកដំណើរការជាបណ្តោះអាសន្ន។ រីឯម្ចាស់ទីតាំងខាងលើ កំពុងស្ថិតក្រោមការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ដើម្បីស្វែងរកខ្ខ្លួនឲ្យចូលមកបំភ្លឺក្នុងករណីនេះ និងចាត់វិធានការតាមនីតិវិធីច្បាប់នៅពេលក្រោយ។
គួរបញ្ជាក់ផងដែរថា បើតាមយោងតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមរបស់នាយពាក់មី បានប្រាប់ឱ្យដឹងផងដែរថា ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ២ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty នៅថ្ងៃពុធ ទី២ វេលាម៉ោង១រសៀល តើម្ចាស់ S88 Beauty ទាំង១៣សេវា ជានរណា?