សំបកកង់រថយន្តចាស់ៗប្រើរួច ៤ទូកុងតឺន័ លួចនាំចូលមកកម្ពុជាតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានក្រុមមន្ត្រីគយបង្ក្រាបបាន
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន៤ទូមានទម្ងន់សរុប 78,640 គីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
បន្ទាប់ពីសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានទទួលព័ត៌មានអាជ្ញាបណ្ណផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យនិងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រចំនួន៤ទូថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច។ ភ្លាមៗនោះ មន្រ្តីគយមានសមត្ថកិច្ចបានទាក់ទងទៅក្រុមហ៊ុននាវាដឹកជញ្ជូន និងម្ចាស់ទំនិញ ដើម្បីកាត់សៀលបើកទូត្រួតពិនិត្យទំនិញជាក់ស្តែងផ្ទុកក្នុងកុងតឺន័រទាំង៤នោះ ដោយឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើប្រាស់រួច សរុបទម្ងន់ 78,640 គីឡូក្រាម ដែលជាមុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅព្រះរាជាណាចក្រកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូលស្របតាមបញ្ញត្តិនៃអនុក្រឹត្យលេខ ៣៧០ អន.ក្របក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ និងមាត្រា ៨ នៃច្បាប់ស្តីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧។
ដោយពិនិត្យឃើញថា ករណីនេះជាបទល្មើសច្បាប់ស្តីពីគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសម្រេចដោយបង្ខំឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញនូវទំនិញទាំង៤ទូកុងតឺន័រនេះ ឱ្យបានឆាប់រហ័សបំផុត យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបង់ពិន័យដោយយោងតាមបញ្ញត្តិមាត្រា ៧៤ និង៧៥ នៃច្បាប់ស្ដីពីគយជាធរមាន។
ជាលទ្ធផល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្ចាស់ទំនិញបានបញ្ចប់នីតិវិធីបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចនេះចេញទៅវិញជាស្ថាពរ និងបានបង់ពិន័យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ការបញ្ជូនទូកុងតឺន័រកាកសំណល់ខុសច្បាប់នាំចេញត្រលប់ទៅវិញនេះ គឺធ្វើឡើងដោយស្របតាមអនុសញ្ញាអន្តរជាតិបាសែលស្តីពីការត្រួតពិនិត្យការដឹកជញ្ជូនអន្តរជាតិ និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ ឆ្នាំ១៩៨៩ (Basel Convention on the Control of Transboundary Movements of Hazardous Wastes and their Disposal 1989)។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាតែងតែយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាព ចំពោះទំនិញនាំចេញ នាំចូល និងឆ្លងកាត់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ក្រាបបានការនាំចូលដោយខុសច្បាប់នូវទំនិញហាមឃាត់មួយចំនួនរួមមាន សាច់បង្កកនិងផលិតផលពីសាច់សត្វខូចគុណភាព ៣៧ ករណី ស្មើនឹង ៩៤ ០១៨ គីឡូក្រាម និងគ្រឿងញៀន (ទម្ងន់សុទ្ធ) ៦៦ ៣០០,៩៤ ក្រាម។ ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ចំនួន ១០៧ មុខ ដែលមានទម្ងន់សរុបប្រមាណ៥០៧តោន៕