លោក ហ៊ាង ប៊ុនថា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧១ឆ្នាំ
កណ្តាល៖ តាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃ អង្គភាពព័ត៌មាន The Mirror News លោក ហ៊ាង ប៊ុនថា សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។
ក្នុងទិវាដ៏នក្ខត្តឫក្សវិសេសវិសាលនេះ លោក ហ៊ាង ប៊ុនថា សូមសម្ដែងនូវការគោរពដ៏ស្មោះចំពោះវីរភាពដ៏អង់អាច មោះមុតប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ដែលតែងយកកម្លាំងកាយ និងប្រាជ្ញា ស្មារតី ពុះពារជម្នះរាល់ឧបសគ្គ ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជន ជាពិសេសគឺគុណតម្លៃជាប្រវត្តិសាស្ត្រក្នុងការកសាងបាននូវ កម្ពុជាសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកតម្កើងយ៉ាងលេចធ្លោនៅលើឆាកអន្តរជាតិប្រកបដោយមោទនភាព។ គុណបំណាច់ដ៏ធំធេងរបស់ សម្តេចតេជោ គឺមិនអាចកាត់ថ្លៃបានឡើយ ជាពិសេសនោះគឺ ការគូសវាសនិងត្រួសត្រាយអនាគតកម្ពុជា ប្រកបដោយជំនឿជាក់និងសេចក្តីសង្ឃឹម។
ជាមួយនឹងអំណរសាទរក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ហ៊ាង ប៊ុនថា ក្នុងនាមជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃ អង្គភាពព័ត៌មាន The Mirror News សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងបោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ៕