តំបន់ជុំវិញខេត្តសៀមរាប អាចដាំVanilla ជាប្រភេទដំណាំមានតម្លៃខ្លាំង និងកំពុងពេញនិយមរបស់ពិភពលោក!

ភ្នំពេញ៖ មន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមអ្នកជំនាញនៃនាយកដ្ឋានជីវចម្រុះ របស់ក្រសួងនេះ កំពុងសាកល្បងដាំរុក្ខជាតិ Vanilla ចំនួនប្រមាណពី ១០ទៅ១៥ដើម នៅលើផ្ទៃដីទំហំ១០ម៉ែត្រគុណ នឹង៤៥ម៉ែត្រ ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន គូលេន ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រីនាតំបន់ជើងភ្នំគូលែន របស់ខេត្តសៀមរាប ដើម្បីតាមដានមើលឱ្យប្រាកដថាតើអាកាសធាតុទីនោះ ពិតជាអាចអំណោយផលសម្រាប់ដំណាំ Vanilla ដែរឬក៏យ៉ាងណា?។

បើតាមប្រធានការិយាល័យ នៃនាយកដ្ឋានជីវចម្រុះ លោក ចាន់ធី សុមេត្តា បានមានប្រសាសន៍ថា រយ:ពេលជិត ២ឆ្នាំមកហើយក្រសួងបិរស្ថាន បាននាំយកពូជ Vanilla បីប្រភេទមកធ្វើការដាំសាកល្បងនៅតំបន់ជើងភ្នំគូលែន គឺមានពូជ Vanilla Tity Vanilla Madagascar និងពូជVanilla Pompona ។ ពូជទាំងបីប្រភេទនេះ គឺជាប្រភេទដែលគេពេញនិយមប្រើប្រាស់បំផុតនៅលើពិភពលោក។ ដំណាំVanilla ចំនួន ១០ទៅ១៥ដើម ដែលកំពុងដាំនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលេន អាចផ្ដល់កម្រៃប្រមាណ ៥,០០០ដុល្លារអាមេរិក សម្រាប់ការប្រមូលផលម្ដងៗ។

លោក ចាន់ធី សុមេត្តា បានបញ្ជាក់ទៀតថា តាមការតាមដានមើល ទៅលើដំណាំ Vanilla ដែលបានដាំសាកល្បងនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលេន នាជើងភ្នំគូលែន រយ:ពេលជិត ២ឆ្នាំមកនេះឃើញថាវាលូតលាស់បានល្អ និងមិនមានជម្ងឺទេ។ មានន័យថាទាំងលក្ខណ:អាកាសធាតុ និងលក្ខណ:ជីវសាស្ត្រ គឺតំបន់នៅជុំវិញខេត្តសៀមរាប អាចនឹងដាំដំណាំ Vanilla ប្រភេទនេះបាន ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក្រុមអ្នកជំនាញនៅបន្តតាមដានលើទិន្នន័យនេះបន្ថែមទៀត។ ដំណាំ Vanilla គឺជាប្រភេទរុក្ខជាតិ នៃកេសរកូលម្យ៉ាង ដែលបណ្ដាប្រទេសលោកខាងលិច កំពុងពេញនិយម យកពណ៌ និងក្លិន របស់វាទៅប្រើប្រាស់ ដោយដាក់នៅក្នុងនំ ចំណីអាហារ ភេសជ្ជ:ការ៉េម ព្រមទាំងគ្រឿងសំអាងជាច្រើនប្រភេទផង។

បច្ចុប្បន្ននេះ ដំណាំ Vanilla កំពុងមានតម្លៃខ្ពស់នៅលើទីផ្សារ ក្នុងពិភពលោក ដោយផ្លែស្ងួតរបស់វា ១គីឡូក្រាម អាចលក់បានក្នុងតម្លៃពី ៥០០ ទៅ៧០០ដុល្លារសហរដ្ឋអាមេរិក។ សូម្បីតែផ្លែស្ងួត របស់វាចំនួន ២ផ្លែ ក៏អាចលក់បានក្នុងតម្លៃពី ១០ទៅ១៥ដុល្លារអាមេរិកដែរ។ មន្ត្រីក្រសួងបរិស្ថាន អះអាងថាប្រសិនបើការដាំសាកល្បង ដំណាំ Vanilla នៅតំបន់ជើងភ្នំគូលែនបានជោគជ័យ គឺនៅពេលខាងមុខឆាប់ គេនឹងចែករំលែកពូជ Vanilla ទៅឱ្យក្រុមសហគមន៍នៃតំបន់ការពារធម្មជាតិជាច្រើន ព្រមទាំងប្រជាពលរដ្ឋផង ធ្វើការដាំដំណាំនេះ ដើម្បីរកកម្រៃជួយដល់ជីវភាពគ្រួសារប្រចាំថ្ងៃ នៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង