«សម្តេចតេជោ ហ៊ុន សែន ផ្ដាំទៅជនបរទេសទាំងឡាយ សូមកុំពាក់ព័ន្ធជាមួយរឿង VOD»
ភ្នំពេញ៖ «សារព័ត៌មាន VOD ដែលត្រូវលុបអាជ្ញាបណ្ណផ្សាយ មិនអាចរស់ឡើងវិញនោះទេ ហើយសម្តេចប្រាប់ទៅជនបរទេសទាំងឡាយ សូមកុំពាក់ព័ន្ធជាមួយរឿង VOD»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សប្រមាណ២០០០នាក់។
នាឱកាសនោះ សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា «ការបិទសារព័ត៌មាន VOD នេះ មិនបានសម្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញការបិទនេះ ថែមទាំងជួយលើកកម្ពស់នូវវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន នៅកម្ពុជាថែមទៀតផង»។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ៗថា «កុំសង្ឃឹមថាអ្នកឯង (វិទ្យុVOD)អាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេស បើពឹងបានគណបក្សដែលរំលាយទៅ ងាប់បានហើយ វារស់ឡើងវិញបានហើយ មិនមែនត្រឹមកូនវិទ្យុតូចមួយនេះទេ ហើយបិទ VOD ក៏មិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា វាងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញ វាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មាន បានត្រឹមត្រូវ។ វាល្មមដល់ទីបញ្ចប់ វាស៊យវារឿងអីមកវាយទាំងឪ ទាំងកូន វាយទាំងរដ្ឋាភិបាល គោលដៅវាយខ្ញុំជាមួយនឹងកូន [លោក ហ៊ុន ម៉ាណែត]»។
សម្តេចសង្កត់ធ្ងន់ៗទៀតថា «ខ្ញុំសុំរំលឹកជនបរទេសនានា សូមកុំមកពាក់ព័ន្ធ ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់លោកទេ»។
សម្តេច ហ៊ុន សែន បន្តថា សម្តេចបានត្រៀមសំណួរសួរ ទៅកាន់មិត្តភក្តិបរទេសរួចហើយ បើគេសួររឿងបិទ VOD ដោយសំណួរដែលសម្តេចត្រៀមសួរនោះ តើការផ្សាយចោទលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ?
សម្តេចក៏បានលើកឡើងពីប្រទេសឥណ្ឌា ដែលជាមហាអំណាចប្រជាធិបតេយ្យនៅអាស៊ី តែបែរបញ្ជូនកម្លាំងទៅឆែកស្នាក់សារព័ត៌មាន BBC របស់អង់គ្លេស ហើយឥណ្ឌានៅតែប្រកាន់ជំហរថាខ្លួនធ្វើត្រឹមត្រូវ ព្រោះផ្សាយអាក្រក់ពីនាយករដ្ឋមន្ត្រីឥណ្ឌា។ សម្រាប់ VOD សម្តេចធ្វើត្រឹមតែលុបអាជ្ញាបណ្ណផ្សាយប៉ុណ្ណោះ មិនបានប្រើប្រាស់អំណាចទៅឆែកឆេរ ឬស្រាវជ្រាវរកឫសគល់ ប្រពភផ្តល់ព័ត៌មាន ប្រភពហិរញ្ញវត្ថុនោះទេ។
សូមរំលឹកថា សារព័ត៌មាន VOD ត្រូវបានបិទទាំងស្រុង កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ក្របខណ្ឌការងាររដ្ឋ ជូនដល់អតីតបុគ្គលិកសារព័ត៌មាន VOD ដើម្បីដោះស្រាយជីវភាពរបស់ពួកគេ បន្ទាប់ពីសារព័ត៌មាននេះ ត្រូវបានបិទព្រោះការការផ្សាយព័ត៌មានខុស នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាលកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។ កាន់តែធ្ងន់ធ្ងរនោះ គឺថ្នាក់ដឹកនាំសារព័ត៌មាននេះ មិនផ្សាយបំភ្លឺ និងមិនទទួលស្គាល់ទោសកំហុស លើការផ្សាយរបស់ខ្លួន។
ចំពោះការផ្តល់ក្រមខណ្ឌរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាជាការយោគយល់ចំពោះបុគ្គលិក VOD ដែលគ្មានកំហុស តែចំពោះបុគ្គលិកណាដែលខ្លាច ចូលប្រើការងារក្នុងក្របខណ្ឌរដ្ឋ ត្រូវគេថ្កោលទោសថាលក់ឧត្ថមគតិ មិនបាច់ទៅចូលក្របខណ្ឌទេ ព្រោះសំដីនេះ ជាសំដីរបស់ពួកប្រឆាំងតែប៉ុណ្ណោះ៕