ប្រទេសអង់គ្លេសប្រគល់គ្រឿងអលង្ការបុរាណខ្មែរក្នុងសម័យមុនអង្គរនិងសម័យអង្គរជាច្រើនមកឲ្យកម្ពុជាវិញ

 

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានឱ្យដឹងថា ដោយអនុលោមតាមកិច្ចព្រមព្រៀងនា ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ វត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារ លោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។

ពិធីប្រគល់នឹងទទួលគ្រឿងអលង្ការបុរាណខ្មែរនោះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពី តំណាងរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ានី ឯកឧត្តមឯកអគ្គរាជទូត
កម្ពុជាប្រចាំចក្រភពអង់គ្លេស និងតំណាងនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេស និង ខម៉្មន់វែល នៃចក្រភពអង់គ្លេស អង្គភាពសិល្បៈ និងបុរាណវត្ថុ នៃស្នងការដ្ឋានគរបាលក្រុងឡុងដ៍ និងក្រុមប្រឹក្សាសិល្បៈអង់គ្លេស។

គ្រឿងអលង្ការបុរាណខ្មែរដែលបានបញ្ជូនមកដល់កម្ពុជាវិញមានចំនួន៧៧គ្រឿង មានដូជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក៕

អត្ថបទដែលជាប់ទាក់ទង