ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ពិនិត្យវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “សោកនាដកម្មលេីដងផ្លូវ” របស់ក្រុមហ៊ុន MSA

ភ្នំពេញ៖ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ស៊ុន ចាន់ថុល នៅថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន MSA (Marketing Solution Asia) ដើម្បីពិនិត្យលើបទបង្ហាញនូវវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីនៃក្រុមហ៊ុន MSA ជាច្រើនរូបផងដែរ។

ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ អគ្គស្នងការនគរបាលជាតិ​ និងក្រុមហ៊ុន MSA ក្នុងការរៀបចំបង្កើតនូវវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “សោកនាដកម្មលេីដងផ្លូវ” ដើម្បីជំរុញនូវការយល់ដឹងដល់ប្រជាលពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់ក្រុមការងារនៃក្រុមហ៊ុន MSA សិល្បករ សិល្បការនី នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក​ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការផលិតនូវវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងលើកទឹកចិត្តឱ្យក្រុមការងារ សិល្បករ និងសិល្បការនីទាំងអស់ចូលរួមក្នុងការផ្សព្វផ្សាយវីដេអូអប់រំនេះឱ្យបានកាន់តែទូលំទូលាយទៅកាន់សាធារណជន៕

អត្ថបទដែលជាប់ទាក់ទង