សង្កាត់ដើមមៀនទទួលបានជោគជ័យទាំងការបោះឆ្នោតឃុំ-សង្កាត់២០២២ និងថ្នាក់ជាតិ ២០២៣ ខណៈលោក ឈឿន សុចិត្ត ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃនេះ

កណ្តាល៖ ស្របពេលដែលសង្កាត់ដើមមៀននៃក្រុងតាខ្មៅទទួលបានជោគជ័យទាំងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថ្មីៗនេះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត នៅព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល, សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្ត។

គួរជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។
តាមលទ្ធផលបណ្តោះអាសន្ននេះ បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៨ ២១៤ ៤៣០នាក់ បានទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សំឡេង និងសន្លឹកឆ្នោតមិនបានការសរុបចំនួន ៤៤០ ១៥៤សំឡេង។

ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ៦ ៣៩៨ ៣១១ នាក់ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់ទី២ ដែលមានសំឡេងគាំទ្រ ៧១៦ ៤៩០នាក់។ បន្តពីនោះ គឺគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រជាង ១៣ម៉ឺនសំឡេង គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៩ម៉ឺន ហើយគណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រជាង ៨ម៉ឺនសំឡេង ហើយគណបក្សកសិករទទួលបានសំឡេងតិចជាងគេ គឺត្រឹមតែជាង ១ម៉ឺនសំឡេង។

គួររំលឹកផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ ហើយចំពោះគណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង