លោក មាស សាវឿន បំភ្លឺថា មនុស្ស១១នាក់ក្នុងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ក្រោយឈ្លោះបែកគ្នាបានផ្ដិតមេដៃប្រគល់ដី១២ហិកតាហ្នឹងឲ្យលោក
(បន្ទាយមានជ័យ)៖ លោក មាស សាវឿន លោក យឿន ម៉ោះ និងបក្ខពួកមួយចំនួនទៀត កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានឈ្មោះ គួច ហ៊ុយខេង ឈ្មោះ អ៊ុយ ហ្សង់លុច ឈ្មោះ អ៊ុយ អាឡិចសង់ និងឈ្មោះ អ៊ុយ អង់ភាន់ ប្ដឹងទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យពីបទ៖ «ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត (ប៉ះពាល់កម្មសិទ្ធិឯកជន)» តាមបញ្ញត្តិមាត្រា២៤៨ និងមាត្រា២៥៣ នៃច្បាប់ភូមិបាលដែលបានប្រព្រឹត្តបន្តបន្ទាប់ចាប់ពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងអំឡុងខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ នៅក្នុងពាក្យបណ្ដឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីគឺបានប្តឹង៖ ១. ឈ្មោះ មាស សាវឿន ២. ឈ្មោះ តេង ចាន់ភិរម្យ ៣. ឈ្មោះ យឿន ម៉ោះ ៤. ឈ្មោះ ជា ម៉ៅ ៥. ឈ្មោះ សុន ភាក់ និងបក្ខពួក។
ពាក់ព័ន្ធករណីនេះ លោក អ៊ុយ អាឡិចសង់ ជាកូនបង្កើតរបស់លោក អ៊ុយ វាំងសង់ ជាម្ចាស់កម្មសិទ្ធិដី នៅភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបំភ្លឺបន្ថែមថា «អំឡុងឆ្នាំ២០២៤ លោក មាស សាវឿន លោក តេង ចាន់ភារម្យ លោក យឿន មោះ និងបក្ខពួក បានបំពានយកដីរបស់ពួកលោកក្នុងទំហំជិត១០ហិកតា និងបានចែកដីឱ្យប្រជាពលរដ្ឋបង្កើតជារូបភាពចលនាមហាជន ដោយការចែកដីដែលមានតម្លៃថ្លៃ (ប្រហែល ៧០ដុល្លារ/១ម៉ែត្រការ៉េ) ឱ្យប្រជាពលរដ្ឋជាង៣០គ្រួសារ ដោយគ្មានឯកសារសំអាង គ្មានដឹងលឺ និងទទួលស្គាល់ដោយអាជ្ញាធរ និងមិនមែនជាហេតុផលមនុស្សធម៌ទេ។ បន្ទាប់ពីពួកលោកបានចុះទៅរុះរើសំណង់ខុសច្បាប់ចេញពីទីតាំងដី ឥឡូវនេះ បានកៀរគរប្រជាពលរដ្ឋជាថ្មី ឡើងដល់ ៦២គ្រួសារ ហើយបានប្តឹងទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ទាមទារយកដីរបស់ពួកលោកដោយអះអាងថា ជាដីដែលលោក មាស សាវឿន ចែកឱ្យ។ កន្លងមក ពួកគេបានឱ្យប្រជាពលរដ្ឋធ្វើខ្ទមមានជញ្ជាំង និងដំបូលបាំងស័ង្កសី (ផ្ទះហោះផ្ទះហើរ) ចំនួន០៣លើក ដោយលើកចុងក្រោយនេះ លួចធ្វើផ្ទះហោះផ្ទះហើរទាំងយប់ ក្នុងថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥។ លោក អ៊ុយ អាឡិចសង់ បានបញ្ជាក់បន្ថែមថា លោក មាស សាវឿន ពុំមានឯកសារផ្លូវច្បាប់បញ្ជាក់ថាជាម្ចាស់ដី ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុងប៉ោយប៉ែតនោះទេ។ លើសពីនេះទៀត គិតតាំងពីមុនឆ្នាំ២០០៨ និងក្រោយឆ្នាំ២០០៨ លោក មាស សាវឿន ពុំដែលចូលកាន់កាប់ទីតាំងដីនោះទេ គឺទើបតែកៀងករប្រជាជនប្រមាណជាង ៣០ គ្រួសារមកធ្វើផ្ទះហោះផ្ទះហើរ ដណ្តើមការកាន់កាប់ដីដោយខុសច្បាប់ និងមិនខ្លាចញញើតការអនុវត្តច្បាប់របស់រដ្ឋបាលក្រុងប៉ោយប៉ែត និងរដ្ឋបាលខេត្តបន្ទាយមានជ័យនោះទេ ដោយបុគ្គលឈ្មោះ មាស សាវឿន អាងអំណាចតួនាទីបុណ្យស័ក្តមកប្រព្រឹត្តអំពើខុសច្បាប់។
លោកបន្តថា ត្បិតពួកលោកមិនបានដាក់ពាក្យបណ្ដឹងពីដំបូង ប៉ុន្តែរដ្ឋបាលក្រុងប៉ោយប៉ែត និងរដ្ឋបាលខេត្តបន្ទាយមានជ័យមានការទទួលខុសត្រូវខ្ពស់ ក្នុងការការពារភាពត្រឹមត្រូវ ចាត់វិធានការរដ្ឋបាលភ្លាមៗ ដោយណែនាំប្រជាពលរដ្ឋកុំឱ្យចាញ់បោក ជនខិលខូចធ្វើជាចិត្តល្អចែកដីឱ្យដោយឥតគិតថ្លៃ។ លោកបន្តថា ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររបស់ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានសម្របសម្រួលជាមួយអាជ្ញាធរ ដោយពិនិត្យលើភាគីដែលត្រឹមត្រូវ មានឯកសារច្បាស់លាស់ និងអន្តរាគមន៍ទប់ស្កាត់មិនឱ្យមានភាពអនាធិបតេយ្យបំពានច្បាប់ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត។
ទាក់ទិនករណីខាងលើនេះ លោក អ៊ុយ អាឡិចសង់ បានបញ្ជាក់ថា តាមការសង្កេតឃើញ លោក មាស សាវឿន បានហៅមន្ត្រីយោធាជាន់ខ្ពស់នៅតំបន់ខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល ទៅកាងយកដីរបស់លោកដោយខុសច្បាប់យ៉ាងអអាណាធិបតេយ្យ។
ជុំវិញករណីខាងលើនេះ លោក មាស សាវឿន បានបំភ្លឺឲ្យអង្គភាព The Mirror News ដឹងថា បើលោកខូចមែន មិនមែនគាត់ជាអភិបាលរងខេត្តព្រះវិហារហើយមកធ្វើជាអនុរដ្ឋលេខាធិការនៅក្រសួងយុត្តិធម៌ជាកន្លែងច្បាប់ទេ។ ក្រោយមកដកលោកចេញពីអនុរដ្ឋលេខាធិការនៅក្រសួងយុត្តិធម៌ជាការកែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិក្រោយ។ លោក មាស សាវឿន បានបញ្ជាក់ឲ្យដឹងថា លោកជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក មាស សាវឿន បានអះអាងថា ប្រជាពលរដ្ឋកំពុងអង្គុយជុំលោក អាហ្នឹងទី១ ហើយទី២ទៀត បុគ្គល២នាក់ ក្នុងនាមតំណាងឲ្យបុគ្គលម្នាក់ដែលតាំងខ្លួនថា មានប័ណ្ណកម្មសិទ្ធិមកជាន់លើដីរបស់លោកនៅកន្លែងហ្នឹង ចំនួន១២ហិកតាហ្នឹង ដែលជាអ្នកប្ដឹងលោក មិនមែនជាការពិត ហើយចំពោះរឿងនេះ លោកនឹងដាក់ពាក្យប្ដឹងតបទៅវិញ លោកនិយាយក្នុងនាមជាប្រជាពលរដ្ឋ ទោះឈ្នះឬចាញ់ក៏លោកត្រូវតែប្ដឹងតបទៅវិញដែរ។
លោក មាស សាវឿន បន្ថែមថា ចំពោះដី១២ហិកតានេះ លោកមានឯកសារគ្រប់គ្រាន់។ លោកបន្តថា កាលពីឆ្នាំ២០០០ សមាគមអភិវឌ្ឍន៍កសិកម្មជាតិបានឈ្លោះទាស់ទែងបែកបាក់គ្នា ពេលនោះសមាគមបានពឹងពាក់ឲ្យលោកជួយ រហូតលោកជួយលុយកាក់ ដោះស្រាយបញ្ហា សមាគមភ្ជួររាស់ដីធ្លីចប់សព្វគ្រប់ ចំណែកលោកទទួលបានដី២កន្លែងដោយ១កន្លែង១២ហិកតា ហើយ១កន្លែងទៀតលោកមិនប្រាប់ទេ ព្រោះមិនមានការពាក់ព័ន្ធ។ លោកបានបញ្ជាក់ទៀតថា សមាគមមានគ្នា១១នាក់ មុុនឈ្មោះ មួង ឈីម ជាប្រធាន ក្រោយពីបែកបាក់គ្នា ណុប ម៉េង ឡើងជាប្រធាន ដោយគ្នា១១នាក់នេះ បានផ្ដិតមេដៃប្រគល់ដីហ្នឹងឲ្យលោក មានឯកសារ មានមេធាវីបញ្ជាក់លើនឹងមួយ បន្ទាប់មកលោកយកទៅឲ្យអាជ្ញាធរឃុំអូរជ្រៅ ឃុំប៉ោយប៉ែតសម័យនោះ ហើយសម័យនោះស្រុកអូរជ្រៅមិនមែនជាក្រុងប៉ោយប៉ែតទេ រហូតដល់មានឃុំ ស្រុក ខេត្តបន្ទាយមានជ័យបានបញ្ជាក់នៅលើទទួលស្គាល់ដីដែលសមាគមឲ្យទៅលោក។
ទាក់ទិនករណីនេះ ប្រភពផ្សេងទៀតបានចោទសួរលោក មាស សាវឿន ថា ១៖ តើសមាគមន៍អភិវឌ្ឍកសិកម្មជាតិឲ្យដីលោក១២ហិកតា ក្នុងឆ្នាំ២០០០។ ចុះហេតុអ្វី មិនធ្វើឯកសារបញ្ជាក់ការកាន់កាប់ដីពីអាជ្ញាធរភូមិ ឃុំ ស្រុក នាអំឡុងឆ្នាំ២០០០? ហេតុអ្វីទុកចោល? ២៖ លោកថា ប្រជាពលរដ្ឋរស់នៅទីនោះ មានផ្ទះចាស់ និងតាំងទីលំនៅយូរ។ ប៉ុន្តែជាក់ស្តែងជាផ្ទះហោះផ្ទះហើរ ទើបមកសង់អំឡុងខែ១១ ខែ១២ ឆ្នាំ២០២៤ និងដើមខែ០១ ២០២៥។ សូមលោក ជួយបំភ្លឺបន្ថែមករណីនេះផង? ៣៖ លោកថា ប្រជាពលរដ្ឋយកដីលោកជាង៣០គ្រួសារ លោកមិនចង់មានវិវាទ ក៏ចែកដីនោះឲ្យ ខ្លះ៥គុណ២០ ខ្លះ១០គុណ២០ ដើម្បីបញ្ចប់វិវាទ។ តើករណីនេះ អាជ្ញាធរដឹងលឺថា ជាដីមានវិវាទទេ? អាជ្ញាធរចូលរួមដោះស្រាយវិវាទទេ? តើលោកមានឯកសារសំអាងអ្វីខ្លះ? ៤៖ ក្នុងអង្គប្រជុំសម្របសម្រួលជាមួយ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន ប្រជាពលរដ្ឋដែលចូលរួមបានសំអាងថា បានដីពីការចែកឲ្យទទេៗ ពីលោក មាស សាវឿន ព្រោះឃើញអាណិត និងក្រីក្រ។ ប៉ុន្តែហេតុអ្វី លោកអះអាងថា ប្រជាជនទាំងនោះ ជាអ្នកមានវិវាទដីជាមួយគ្នាជាមួយលោកតាំងឆ្នាំ២០០០?
ទោះបីយ៉ាងណា អង្គភាព The Mirror News នៅតែរង់ចាំទទួលការបំភ្លឺជុំវិញករណីខាងលើនេះ របស់ភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕