ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជំរុញភ្នាក់ងារសន្ដិសុខឯកជនចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្ថិភាព»
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ បានបន្ដជំរុញភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកវគ្គបំប៉នជំនាញភ្ញាក់ងារសន្តិសុខឯកជន លើកទី៥១ ឯកឧត្តមឧត្តមសេនីយ៍ឯកបានលើកឡើងថា ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» នេះ ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យភូមិ-ឃុំ-សង្កាត់ មានសន្តិសុខ សុវត្ថិភាព ពិសេសគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ទើបធ្វើឲ្យយើងរស់នៅបានសុខដុមរមនា។
ឯកឧត្តម លឹម សុខារស្មី គូសបញ្ជាក់ថា ការដែលចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កង កម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ២៤/២៤ម៉ោង ហេតុនេះហើយឯកឧត្តមសូមអំពាវនាវ ដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» នេះឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមប្រធាននាយកដ្ឋាន ក៏បានថ្លែងអំណរគុណដល់ភ្នាក់ងារសន្តិសុខឯកជន ដែលកន្លងមកបានចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ពោលគឺមានកិច្ចសហការល្អជាមួយសមត្ថកិច្ច ដែលបានរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។ ឯកឧត្តម ក៏សូមអគុណដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលបានសម្រួលដល់ភ្នាក់ងារសន្តិសុខឯកជន បានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅ។
ជាមួយគ្នានោះ ឯកឧត្តមឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា នេះជាលើកទី៥១ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ បងប្អូនសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖
១.តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន
២.វិធីសាស្រ្តការពារគោលដៅ
៣.ច្បាប់ចរាចរណ៍ផ្លូវគោក
៤.របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច
៥.ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ
៦.វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។
ទន្ទឹមនោះ ឯកឧត្តមឧត្តមសេនីយ៍ឯកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួនក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕