លុយដែលលក់ដីព្រៃសហគមន៍បានគឺចែកជូនប្រជាជនទាំងអស់គ្នា ព្រោះលោកពិបាកការពារណាស់
រតនគិរី ៖ ដីព្រៃសហគមន៍ប្រមាណ៣០ហិកតា នៅភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានគេលួចកាប់ទន្ទ្រានបំផ្លាញព្រៃឈើយ៉ាងរង្គាល ដើម្បីយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននិងលួចលក់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពបន្តថា ដីព្រៃឈើសហគមន៍ទំហំខាងលើ ត្រូវបានម្ចាស់ចំការកៅស៊ូម្នាក់ឈ្មោះ សាន់ ម៉ក់ ដែលមានដីនៅជាប់ព្រៃសហគមន៍នោះបានទិញយក ហើយជួលគេកាប់យ៉ាងអាណាធិបតេយ្យ ខណៈលោកប្រធានភូមិក៏មានការជាប់ពាក់ព័ន្ធផងដែរ។
បើតាមលោក ព្រឿល នើន មេភូមិកបកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យអ្នកសារព័ត៌មានដឹងថា ដីសហគមន៍ចំនួន២៧ហិកតានេះ បានលក់ម៉ៅទៅឲ្យ លោក សាន់ម៉ក់ ថៅកែចំការកៅស៊ូជាប់ព្រំនោះពិតមែនហើយ លក់ក្នុងតម្លៃ៣មុឺនដុល្លារ សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ។
លោកបន្តថា ទើបទទួលលុយកក់ពីលោក សាន់ ម៉ក់បានចំនួន៥ពាន់ដុល្លារប៉ុណ្ណោះ កំណត់ដល់ខែ៨ ឆ្នាំ២០២៣ ខាងមុខនេះ ទើបលោក សាន់ ម៉ក់ ប្រគល់ឲ្យគ្រប់ចំនួន។ លោកបន្ថែមថា ការលក់ដីនេះ ដោយមូលហេតុ ប្រជាជនចាំបាច់ផ្នែកជីវភាព អត់មានមុខរបររកសុី ជីកត្បូងក៏ច្បាប់ហាមឃាត់ និងដីពិបាកការពារមានគេលួចទន្ទ្រានយកពីអ្នកជាប់ព្រំ។ លោកអះអាងថា លុយដែលលក់បានគឺចែកជូនប្រជាជនទាំងអស់គ្នា។
បើតាមលោកស្រី វ៉ន ចាន់ថន មេឃុំទីងចាក់ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នំា២០២៣ បានឲ្យដឹងថារឿងលក់ដូរដីសហគមន៍ភូមិកប លោកស្រីមិនបានដឹងនោះទេ លោកស្រីថា ពួកភូមិគេនាំគ្នាលក់ដូរតែគ្នាគេ លោកស្រីគ្រាន់តែដឹងថាដីសហគមន៍នោះបានចុះបញ្ជីតាំងពីឆ្នាំពីរពាន់ជាងមកម្លេះ(អ្នកស្រីមិនចាំ) ដោយអង្គការយូនីស្កូ UNISCO និងអង្គការ ការពារសហគមន៍ខ្មែរលើ ប៉ុន្តែឯកសារនោះ លុះត្រាតែលោកមេឃុំចាស់ទើបដឹង។
ទាក់ទិនករណីខាងលើ លោក កង សារឿន អភិបាលស្រុកបរកែវ បានឲ្យដឹងថា លោកបានចាត់កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើ ដែលដឹកនាំដោយអភិបាលរងស្រុកចុះទៅទីតាំងដីសហគមន៍ ដែលកំពុងកាប់រាននោះតែម្តង។
លោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ បានបញ្ជាក់ថា លោកបានចុះទៅទីតាំងដីសហគមន៍នោះហើយ និងបានធ្វើកំណត់ហេតុបញ្ជូនរួចរាល់អស់ហើយ។
បើតាមលោក សាន់ ម៉ក់ ជាឈ្មួញទិញដីសហគមន៍នោះ បានប្រាប់អ្នកកាសែតថាលោកកំពុងព្យាបាលជម្ងឺនៅប្រទេសថៃ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋថា ពួកគាត់មិនពេញចិត្តចំពោះសកម្មភាពរបស់មេភូមិ មេសហគមន៍ភូមិកបខាងលើ និងសូមទទូចស្នើសុំថ្នាក់ដឹកនាំកុំឲ្យមានការលក់ដូរដីសហគមន៍ ដែលសេសសល់បន្តទៅឲ្យក្រុមឈ្មួញអី សូមរក្សាវាទុកជាកេរ្តិ៍ដំណែលសំរាប់ប្រើប្រាស់ដល់កូនចៅជំនាន់ក្រោយ។
ប្រពលរដ្ឋសំណូមពរ សូមឲ្យបើកការស៊ើបអង្កេតទៅលើបុគ្គលពាក់ព័ន្ធ (មេខ្យល់) ដែលបានញុះញង់ប្រជាសហគមន៍ថា បើមិនលក់គង់តែរដ្ឋយកវិញដដែល ទាំងអ្នកលក់ និងអ្នកទិញ យកមកផ្តន្ទាទោសទៅតាមច្បាប់ផង៕