អាជ្ញាធរជាតិអប្សរាដាក់បង្ហាញកីតម្បាញខ្មែរក្នុងសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី

ភ្នំពេញ៖ កីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង ត្រូវបានសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី យកមកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាក្នុងការស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការដាក់តាំងបង្ហាញ កីតម្បាញ និងឧបករណ៍ផាត់សូត្រនេះ បានដាក់តាំងកាលពីអំឡុងពាក់កណ្តាល ខែកុម្ភៈ នេះ។

បើតាមអាជ្ញាធរជាតិអប្សរា សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីមានលក្ខណៈពិសេសជាងសារមន្ទីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា គឺការដាក់តាំងបង្ហាញកីតម្បាញមកពីប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌា ប្រទេសឡាវ ប្រទេសភូមា ហើយឧបករណ៍ទាំងនោះមានលក្ខណៈពិសេសរៀងៗខ្លួន ដោយបច្ចេកទេសធ្វើឡើងទៅតាមលក្ខខណ្ឌបរិបទនៃបរិស្ថានផ្សេងៗគ្នា។

ប្រភពបន្តថា ពេលអនាគត សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏មានបំណងនាំយកឧបករណ៍តម្បាញមួយចំនួនមកពីតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាមកតាំងបង្ហាញដល់សាធារណជនដែរ។

សូមរំលឹកថា ផលិតផលសមុច្ច័យទាំង ១១ មុខដូចជាកន្សែងសូត្រចំនួន ៤ និងសំពត់ហូលចំនួន ៥ និងហូលពិតានចំនួន០២ ដែលត្រូវបានផលិតឡើងតាមក្បួនខ្នាតបុរាណ បានដាក់តាំងនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្នុងក្រុងសៀមរាប ជាអចិន្ដ្រៃយ៍ចាប់ពីខែកុម្ភៈតទៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង