សមាគមព័ត៌មានអនឡាញកម្ពុជាចេញសេចក្ដីថ្លែងការណ៍ស្តីពីការលុបអាជ្ញាប័ណ្ណសារព័ត៌មានVOD
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សមាគមព័ត៌មានអនឡាញកម្ពុជា បានសង្កេតឃើញថា មានអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសាធារណមតិមួយចំនួន បានលើកឡើងជា ច្រើនជុំវិញករណីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (វិទ្យុ VOD) ដែលការលើកឡើងទាំងនោះ ផ្ទុយពីការពិត ផ្ទុយពីច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាពិសេសក្នុងន័យបង្អាប់ជាតិសាសន៍ខ្លួនឯង និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់នៅកម្ពុជា។
សមាគមព័ត៌មានអនឡាញកម្ពុជា យល់ឃើញថា ការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូ ឌី (វិទ្យុ VOD) របស់ក្រសួងព័ត៌មាន ពិតជាត្រឹមត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ក៏ដូចជា វិជ្ជាជីវៈសារព័ត៌មានសកលលោក ជាពិសេសដើម្បីពង្រឹងច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជាផងដែរ។
សមាគមព័ត៌មានអនឡាញកម្ពុជា ដែលបាននិងកំពុងតែធ្វើសកម្មភាពលើវិស័យសារព័ត៌មាន តែងតែគាំទ្រ និងជួយសម្របសម្រួលជានិច្ចចំពោះអង្គភាពសារព័ត៌មាននិងអ្នកសារព័ត៌មានជាសមាជិក របស់ សមាគមព័ត៌មានអនឡាញកម្ពុជា ក៏ដូចជាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ជាពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រចំពោះសារព័ត៌មានភាគច្រើនដែលមានវិជ្ជាជីវៈត្រឹមត្រូវប៉ុន្តែមិនគាំទ្រជាដាច់ខាត ចំពោះសារព័ត៌មានណាដែលនិយាយដោយគ្មានការទទួលខុសត្រូវ ជាពិសេសសារព័ត៌មានដែលបង្កើតឡើងដោយបុគ្គលមួយចំនួនតូចដែលជ្រកក្រោមផ្លាកសារព័ត៌មាន ក្នុងគោលបំណងញុះញង់បង្កការបែកបាក់ឯកភាពជាតិ ជាចុងយើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាការពារឱ្យបានរឹងមាំជាអមតៈនូវសន្តិភាព សន្តិសុខ ឯករាជ្យ និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា៕