កម្ពុជាមានមោទនភាពក្នុងការបង្ហាញបរទេសពីកិច្ចការអភិវឌ្ឍន៍វិស័យពិការភាព ខណៈកម្ពុជាមានជនមានពិការភាពប្រមាណ៨៧ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា កម្ពុជាបានទទួលជោគជ័យជាច្រើនក្នុងកិច្ចគាំពារដល់ជនមានពិការភាពដែលមានមោទនភាពក្នុងការបង្ហាញទៅកាន់បរទេសអំពីកិច្ចការដែលសម្រេចបាននេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ លោក ឯម ច័ន្ទមករា បានឱ្យដឹងថា កម្ពុជាទទួលបានសមិទ្ធផលការងារជាច្រើនលើវិស័យពិការភាពដោយក្នុងនោះមានការរៀបចំការគាំទ្រផ្នែកច្បាប់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការកំណត់ការរៀបចំអាគារគាំទ្រដល់ជនមានពិការភាព ការជួយដល់ជនមានពិការភាពក្នុងពេលមានការផ្ទុះឡើង និងក្រោយពេលនៃជំងឺកូវីដ-១៩ ការបង្កើតសាលាបណ្ដុះបណ្ដាលអប់រំពិសេស និងការជំរុញការចូលរួមក្នុងសិល្បះនិងកីឡាជាដើម។

ឯកឧត្តម ឯម ច័ន្ទមករា បន្តថា៖ «ក្នុងការរៀបចំសន្នីសីទអន្តរជាតិលើកទី៥នេះ គឺកម្ពុជារបស់យើងមានមោទនភាពណាស់ ដើម្បីបង្ហាញទៅដល់បណ្ដាប្រទេសនានាដែលនឹងត្រូវចូលរួមក្នុងវេទិការនេះគឺដោយសារតែយើងមានទទួលបាននូវលទ្ធផលច្រើនតាំងពីក្រោយច្បាប់ស្ដីពីកិច្ចគាំពារ និងលើកកម្ពស់ជនពិការដែលបានអនុវត្តតាំងពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០២៣នេះ គឺយើងទទួលបាននូវសមិទ្ធផលជាច្រើន»។

ឯកឧត្តមបានឱ្យដឹងបន្តទៀតថា បច្ចុប្បន្នកម្ពុជាមានជនមានពិការភាពប្រមាណ ៨៧ម៉ឺននាក់។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៣ ដោយមានការប្រកាសបើកកម្មវិធីដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមក្នុងកម្មវិធីនេះប្រមាណជា ៧០០នាក់។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម សែម សុខា បានថ្លែងថា នេះជាកិត្តិយសរបស់កម្ពុជាដែលត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិដ៏ធំនេះ និងបានបញ្ជាក់ថា ប្រធានបទរួមនៃសន្និសីទ ៣ថ្ងៃនេះគឺ «ការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាពក្នុងអំឡុងពេលនិងក្រោយការរាតត្បាតជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាប័ន្ននៅថ្នាក់សហគមន៍ (CBID)» ដោយផ្ដោតលើកការពង្រឹងកិច្ចសហការ និងភាពជាដៃគូរ ការលើកស្ទួយសុខុមាលភាពសង្គម និងគាំពារសម្រាប់ជនមានពិការភាព លើកកម្ពស់ការចូលរួមដោយគ្មានការរើសអើងសម្រាប់ជនមានពិការភាព និងការអនុវត្តល្អក្នុងកម្មវិធី CBID ក្នុងអំឡុង និងក្រោយជំងឺកូវីដ-១៩។

ក្រៅពីមានសន្និសីទកម្ពុជាក៏នឹងរៀបចំឱ្យប្រតិភូជាតិនិងបរទេសបានពិនិត្យដោយផ្ទាល់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលសម្រួលដល់ជនមានពិការនៅក្នុងរាជធានីភ្នំពេញ និងទស្សនាវិមានឈ្នះឈ្នះ រួមទាំងពហុកីឡាដ្ឋានមរតកតេជោដែលសម្រាប់រៀបចំការប្រកួតកីឡា Asean Para Game នៅទីនោះផងដែរ។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថាការនាំប្រតិភូទៅទស្សនកិច្ចនៅតំបន់ទាំងនេះគឺមិនត្រឹមតែបង្ហាញនូវវឌ្ឍនភាពនៃកិច្ចគាំពារជនមានពិការភាពប៉ុណ្ណោះទេ វានឹងជួយផ្សព្វផ្សាយពីកម្ពុជាទៅកាន់អន្តរជាតិផងដែរ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត បានថ្លែងដោយរំពឹងថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលកម្ពុជារៀបចំនេះនឹងចូលរួមលើកកម្ពស់ដល់សេចក្ដីថ្លៃថ្នូរនិងសិទ្ធរបស់ជនមានពិការភាព និងបង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភារកម្ពុជានិងជនមានពិការភាពនៅក្រៅប្រទេសកាន់តែប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង