ឪពុកបង្កើតរបស់ក្មេងពាល ស៊ន តារា ទម្លាយពីចរិតក្អេងក្អាង ចរឹកពាលរបស់កូន(មានVideo)


ភ្នំពេញ៖ ឪពុករបស់ ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត បានចេញមុខមកសុំអង្វរកូនប្រុស របស់ខ្លួនឱ្យឈប់វាយប្រហារលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបន្តទៀត ព្រោះសម្តេចតេជោជា​អ្នកមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងប្រជាជន។

លោក សុខ ស៊ុនណារ៉េត ដែលគេស្គាល់ថា បច្ចុប្បន្នជាមន្ត្រីយោធាមានតួនាទីជានាយរងសេនាធិការ​ នៃតំបន់ប្រតិបត្តិការ​សឹករងខេត្តកំពង់ស្ពឺ។ លោក សុខ ស៊ុនណារ៉េត ក៏ជាមន្ត្រីគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក ស៊ុន ណារ៉េត បានអះអាងថា តាំងពីឆ្នាំ១៩៧៩មក លោក បានស្ម័គ្រស្មោះជាមួយគណបក្ស​ប្រជាជនកម្ពុជា ហើយធ្វើសកម្មភាពជាច្រើនជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូឃ្លីបរយៈពេលជាង២នាទី លោក សុខ ស៊ុនណារ៉េត បានរៀបរាប់ថា លោក បានព្យាយាមអប់រំ និងទូន្មានលោក ស៊ន តារា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា ចេះមិនដល់ខ្លួនថែមទៀតផង។

លោក សុខ ស៊ុនណារ៉េត បានរំលឹកពីពាក្យសម្តីដែលកូនប្រមាថ និងមើលងាយខ្លួនយ៉ាងដូច្នេះ «ខ្ញុំនិយាយទៅ វា [ស៊ន តារា] និយាយថា ប៉ាឯងចេះមិនដល់ខ្ញុំទេ។ ប៉ាឯងមិនបាច់និយាយ​ជាមួយខ្ញុំទេ។ ប៉ាឯងរៀនមិនដូចខ្ញុំទេ។ មិនបាច់និយាយជាមួយខ្ញុំទេ»។

លោក សុខ ស៊ុនណារ៉េត បានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រមាណ៥ឆ្នាំ ដែល ស៊ន តារា ចេញទៅរស់នៅក្រៅប្រទេស លោកមិនដែលទាក់ទងទៀតនោះឡើយ។ បន្ថែមពីលើនេះ លោក ក៏មានការឆ្អែតចិត្តចំពោះកូនប្រុស ដែលទូន្មានមិនស្តាប់ ហើយត្រូវកូនប្រមាថ និងមើលងាយខ្លួន។

បើទោះបីជាបច្ចុប្បន្នហាក់ឃ្លាតកាន់តែឆ្ងាយ និងគ្មានក្តីរំពឹងថាកូនស្តាប់យ៉ាងណាក្តី ក៏លោក សុខ ស៊ុនណារ៉េត បន្តអំពាវនាវឱ្យកូនឈប់វាយប្រហារលើសម្តេចតេជោ ដែលមានជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង