ឯកឧត្តម ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មាននិងធនាគារក៏ជាដៃគូដែលមិនអាចខ្វះបាន ដើម្បីចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានឱ្យបានច្រើនពីធនាគារនិងហិរញ្ញវត្ថុ

ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា «អ្នកសារព័ត៌មាននិងធនាគារក៏ជាដៃគូដែលមិនអាចខ្វះបាន ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ ព័ត៌មានឱ្យបានច្រើនពីធនាគារ និងហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់សាធារណជនឱ្យបានជ្រាបកាន់តែច្បាស់ពីអត្ថប្រយោជន៍ ក៏ដូចជាសេវាផ្សេងៗ»

ការគូសបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៃការធ្វើបទបង្ហាញអំពីផលិតផលនិងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ហុងលីអុង (ខេមបូឌា) ភីអិលស៊ី ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងព័ត៌មានឲ្យបានយល់ដឹងអំពីវិស័យធនាគារនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ទៀតថា «ធនាគារដើរតួនាទីសំខាន់ក្នុងការថែរក្សាលំនឹងសេដ្ឋកិច្ចរបស់ប្រទេសជាតិ សេដ្ឋកិច្ចប្រទេសស្ថិតក្នុងស្ថានភាពរីកចម្រើនឬស្ថិតក្នុងស្ថានភាព លំបាកយ៉ាងណាក៏ដោយ វិស័យធនាគារនិងហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រោះតែវិស័យធនាគារនិងហិរញ្ញវត្ថុគឺជាឆ្អឹងខ្នងដ៏សំខាន់»

នៅក្នុងឱកាសនេះដែរ អ្នកស្រី ទ្រី ចន្ទ័គ្រឹស្នា នាយិកាផ្នែកសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គលនៃធនាគារ ហុងលីអុង (ខេមបូឌា) ភីអិលស៊ី បានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពទូទៅនៃក្រុមហ៊ុន ហុងលីអុង និងអ្នកស្រី ជុំ វណ្ណនីដា នាយិកាផ្នែកលក់សេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គលនៃធនាគារ ហុងលីអុង (ខេមបូឌា) បានធ្វើបទបង្ហាញអំពីផលិតផលនិងសេវាកម្ម ហិរញ្ញវត្ថុរបស់ធនាគារជម្រាបជូនពីកិច្ចខិតខំរបស់ធនាគារក្នុងការបំពេញតូនាទីរបស់ខ្លួនដើម្បីរួមចំណែកជម្រុញឲ្យកាន់តែរីកចំរើនសេដ្ឋកិច្ច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកស្រីបានបន្តថា ធនាគារ ហុងលីអុង មានដើមកំណើតនៅប្រទេសម៉ាឡេសុី ហើយក្រោយមកបានពង្រីកសាខារបស់ខ្លួននៅក្នុងប្រទេសសឹង្ហបុរី ហុងកុង ប្រទេសចិន វៀតណាម ហើយក្រោយមក ធនាគារ ហុងលីអុង Hong Leong បានមកបង្កើតនៅប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៣ ដែលមាន៧ សាខានៅភ្នំពេញ។

អ្នកស្រីបានបន្តឲ្យដឹងទៀតថា ធនាគារមានផ្ដល់ជូនជាកញ្ចប់ជូនទៅដល់មន្ត្រីរបស់ក្រសួងព័ត៌មានទៅលើការប្រើប្រាស់សេវារបស់ធនាគារដូចជាសេវាឥណទាន កម្ចីរថយន្ត និងមានកម្ចីផ្សេងៗទៀត ជាកញ្ចប់តែម្ដងដើម្បីជួយសម្រួលជូនមន្ត្រីរបស់ក្រសួងព័ត៌មាន ពិសេសសម្រាប់ប្រាក់កម្ចីនិងឥណទានប្រាក់កម្ចីទិញរថយន្ត Ford៕

អត្ថបទដែលជាប់ទាក់ទង