នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ឆ្នាំកម្ពុជា ឈ្នះប្រ៊ុយណេដោយលទ្ធផល៥ទល់០
នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានសម្ដែងការអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាដែលទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំប្រ៊ុយណេ ក្នុងជំនួបបើកឆាកពានរង្វាន់ AFF U23 Championship 2023 ដោយលទ្ធផល៥ទល់០ នៅកីឡដ្ឋានរយ៉ង ប្រទេសថៃ។
គួរជម្រាបថា គ្រាប់បាល់ជ័យជម្នះ៥គ្រាប់ នៃការប្រកួតដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជានេះ ធ្វើសម្រេចដោយកីឡាករ សរ រតនា នៅនាទីទី៦ មុនអ្នកចាំទីក្រុម U23 ប្រ៊ុយណេ ចាប់បាល់ក្រឡកភ្លាត់ចូលទី ១គ្រាប់ទៀត ក្នុងវគ្គទី១ ។ បន្ទាប់មកកម្ពុជាបានបន្ថែម ៣គ្រាប់ទៀត នៅវគ្គទី២ ដោយកីឡាករ សរ រតនា នៅនាទី៥០, កីឡាករ មាន ចាន់រិទ្ធ នៅនាទី៧៣ និងកីឡាករ អ៊ាន ពិសី នៅនាទី៩០។
ជ័យជម្នះនេះនាំឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា ឈរកំពូលតារាងបណ្ដោះអាសន្ន មុនបន្ដការប្រកួតទី២ ក្នុងពូលA ដោយត្រូវជួបក្រុម U23 មីយ៉ាន់ម៉ា នាថ្ងៃទី១៩ ខែសីហា និងប្រកួតចុងក្រោយក្នុងពូលត្រូវជួបក្រុមម្ចាស់ផ្ទះ U23 ថៃ នាថ្ងៃទី២១ ខែសីហាខាងមុខ៕