ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំ
តាកែវ៖ ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន។ នេះជាការថ្លែងរបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ ក្រុងដូនកែវ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្ដមឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ដែលបានធ្វើឡើង គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់ យ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឲ្យមានតម្លាភាព។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ ជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំ ប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈ កាលកន្លងមក។ ជាពិសេស នេះគឺជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំ ពង្រឹងតំបន់ប្រតិបត្តិការ សឹករងតាកែវតទៅខាងមុខទៀត។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗ នៅក្នុងអង្គភាពត្រូវឈរលើមូលដ្ឋាន នៃគោលការណ៍៣ ដែលជាកាតាលីករជួយជំរុញឲ្យការចម្រាញ់ធនធានមនុស្ស កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៖
*ទី១-គោលការណ៍យុត្តិធម៌៖ សំដៅទៅលើការផ្តល់អាទិភាពដល់អ្នកដែលមានឆន្ទៈ, សមត្ថភាព, ភាពជាអ្នកដឹកនាំ, ការទទួលខុសត្រូវ, អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់, ចំណេះដឹង, បទពិសោធន៍, សីលធម៌, សុខភាព, ភាពតស៊ូ អំណត់ព្យាយាម, ក៏ដូចជាលទ្ធភាពនៃការជំរុញនិរន្តរភាពការងារក្នុងអង្គភាព ជាដើម -ល-។
*ទី២-គោលការណ៍តម្លាភាព៖ សំដៅលើការគោរពមតិយោបល់ជាសមូហភាព និងតាមឋានានុក្រម ដើម្បីធានាបានការឯកភាព និងលទ្ធផលដែលទទួលបានការសំយោគគ្រប់ជ្រុងជ្រោយ និងពីគ្រប់ជាន់ថ្នាក់។
*ទី៣-គោលការណ៍តម្កល់ផលប្រយោជន៍អង្គភាពជាធំ៖ សំដៅធ្វើយ៉ាងណាឲ្យរាល់ការប្រគល់តួនាទី ក្នុងករណីនីមួយៗ អាចរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ប្រសិទ្ធភាពការងារខ្ពស់ និងការលើកតម្កើងកិត្យានុភាពសមូហភាព។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទូទាំង តំបន់ប្រតិបត្តិការសឹករងតាកែវ ដែលបានខិតខំបំពេញភារកិច្ចរហូត សម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងកិច្ចសហការការពារសន្តិសុខ នៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ឯកឧត្ដមឧត្តមសេនីយ៍ឯកក៏សូមសម្តែងនូវមោទកភាព ចំពោះសមិទ្ធផល ដែលសម្រេចបានទាំងនេះ ដែលពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីឆន្ទៈដ៏មោះមុត សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ស្មារតីដ៏អង់អាចក្លាហាន និងមនសិការវិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងតាកែវ ក្នុងការសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាទាំងនេះ គឺស័ក្តិសមជាអង្គភាពឆ្នើមមួយ ដែលមានប្រវត្តិកកើតតាំងពីឆ្នាំ១៩៧៩ និងដែលធ្លាប់បានចូលរួមយ៉ាងសកម្មបំផុត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក្នុងគ្រប់សម័យកាលទាំងក្នុងពេលមានសន្តិភាព និងសង្គ្រាម៕