«ស៊ូស្លាប់បា កុំឱ្យតែស្លាប់មេ លិចទូកកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ» ករណីឆ្លងចរន្តអគ្គិសនីឆេះទាំងផ្ទះឆេះទាំងសម្ភារៈគ្មានសល់នៅសង្កាត់ព្រែកហូរ

ដូចពាក្យចាស់លោកពោលថា «ស៊ូស្លាប់បា កុំឱ្យតែស្លាប់មេ លិចទូកកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ» តួយ៉ាងមានករណីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) មួយបានកើតឡើង មិនត្រឹមតែឆេះផ្ទះប៉ុណ្ណោះទេ សូម្បីម៉ូតូ ឡាន លុយ ឯកសារអត្តសញ្ញាណកម្ម ប្លង់ផ្ទះ ប្លង់ដីក័ឆេះគ្មានសល់ដែរ។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ បាន
កើតឡើងកាលពីវេលាម៉ោង៩៖៤៥នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈពេលដែលម្ចាស់មិននៅផ្ទះ។

បើតាមលោកវរសេនីយ៍ឯក ផាន់ វណ្ណនី នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ ហ៊ុន សុភា ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា។ ផ្ទះដែលត្រូវភ្លើងឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី សង់អំពីថ្មក្រោមឈើលើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តា មានប្រវែង៧ម៉ែត្រ គុណនឹង៩ម៉ែត្រ។

លោកវរសេនីយ៍ឯក ផាន់ វណ្ណនី បានបន្តថា ករណីឆេះផ្ទះខាងលើ បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនរួមមាន៖រថយន្តCRVពណ៌ខ្មៅ១គ្រឿង ម៉ូតូកង់បីឥណ្ឌាពណ៌ស១គ្រឿង,ម៉ូតូហុងដាគប់០១គ្រឿង,កង់ចំនួន០១គ្រឿង,លុយចំនួន២០០០ដុល្លារ,ទូរទស្សន៍ចំនួន១ ,ឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពីមានគ្រោះអគ្គីភ័យខាងលើភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដាក់បទបញ្ជាភ្លាមៗ និងចេញអន្តរាគមន៍ភ្លាមៗ ខណៈក្រុមសង្គ្រោះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន២ឡានទើបភ្លើងរត់ទៅវិញ នៅវេលាម៉ោង១០៖៥០នាទីថ្ងៃខែដដែល និងមិនបានបណ្តាលឱ្យប៉ះពាល់ដល់ជីវិតមនុស្សនិងមិនរាលដាលដល់ផ្ទះជិតខាងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង