សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងបឹងទន្លេសាប នៅស្រុកកណ្ដៀង
កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលក្រគរដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែក នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមមានសង្កាត់រដ្ឋបាលជលផល កណ្ដៀង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដៀង ដឹកនាំដោយលោក អ៊ន សុផល្លា អភិបាលរងស្រុក ដោយមានការចូលរួម កងរាជអាវុធហត្ថស្រុក នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត យោធាខេត្ត និងក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសនេសាទប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្តី លោកវរសេនីយ៍ឯក ជា សោភ័ណ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគរបាលជាតិ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបានចេញប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចចុងស្ទឹង និងចំណុចព្រែកកំពង់គុជ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់នៅថ្ងៃចន្ទទី២១ ខែសីហា ឆ្នាំ២០២៣ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរកាណូតចំនួន ០៦គ្រឿងកម្លាំងសរុប ២៦នាក់។
បើតាមលោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើនិងបំផ្លាញចោលវត្ថុតាង១ករណីរួមមាន៖ របាំងសាច់អួនក្រឡាល្អិតចំនួន២០ខ្សែ ប្រវែង ៣៨០០ម៉ែត្រ,ក្បាលបរចំនួន ១៧គ្រឿង, លូកងស្បៃមុងចំនួន ៣២មាត់, បង្គោលចំនួន ៧៥០ដើម, បានចាក់លែងកូនត្រីចំរុះទម្ងន់៥៥គីឡូក្រាម ចូលក្នុងទឹកទន្លេវិញ៕